វិទ្យុជាតិ លោកស្រី ហៀង គន្ធា
អាជីវករលក់ផលិតផលខ្មែររំពឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនឹងទទួលបានការគាំទ្រច្រើន ដោយសារប្រជាពលរដ្ឋសព្វថ្ងៃបានស្គាល់ច្បាស់អំពីគុណភាព និងទឹកដៃរបស់ខ្មែរយើង។
លោក យឿន ជាអាជីវករនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំបានឱ្យដឹង៖ លោកពូតែងតែយកផលិតផលខ្មែរជាច្រើនមកតំាងលក់ជារៀងរាល់ឆ្នាំដូចជា ការបូប ចំណងចងសក់ មួក ក្រមា ដែលធ្វើពីដៃ ដោយមានតម្លៃចាប់ពី២០០០រៀល រហូតដល់ជាង២០០០០រៀល។ លោករំពឹងថា រយៈពេល៣ថ្ងៃនេះ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តជាតិមិនចាញ់ឆ្នាំមុនៗឡើយ។
<< ផលិតផលរបស់ខ្ញុំមានការបូប ចំណងចង់សក់ ដែលច្នៃពីក្រមាខ្មែរយើង ហើយមិនជ្រាបទឹកអាចបោកទឹកបានធម្មតា ព្រោះធ្វើដោយដៃដែលភ្ញៀវគាំទ្រច្រើន ហេតុនេះបានយក មកលក់រាល់ឆ្នាំ។ ខ្ញុំសង្ឃឹមថាលក់ដាច់ដូចឆ្នាំមុនៗ ពីព្រោះប្រជាពលរដ្ឋបានស្គាល់ពីគុណភាពរបស់ខ្មែរយើងហើយ>>។
លោស្រី ម៉ាច ម្ចាស់សិប្បកម្មហូលខ្មែរ ខេត្តកែវបានលើកឡើងថា៖ ឆ្នាំនេះលោកស្រីនាំយកផលិតផលខ្មែរដាក់តាំងលក់រយៈពេល៣ថ្ងៃចាប់ពីទី១៤ ដល់ថ្ងៃទី១៦ ដោយមាន ហូល ក្រមា ក្រមាអំបោះ និងផាហ៊ុមជាដើម។ លោកស្រីបន្តទៀតថា៖ បច្ចុប្បន្ន ផលិតផលខ្មែរគឺមានការគាំទ្រខ្លាំង ព្រោះវាជាសិប្បកម្មធ្វើដោយដៃ ពិសេសគុណភាពល្អផងដែរ។
<<ពីមួយឆ្នាំទៅមួយឆ្នាំគឺគាត់ដឹងច្រើនថា ថាការផលិតដោយដៃវាលំបាក គាត់នាំគ្នាគាំទ្រផលិតផលខ្មែរយើងច្រើន។ សូមឱ្យប្រជាពលរដ្ឋខ្មែរយើង អញ្ជើញមកជួយគាំទ្រផលិតផលខ្មែរយើងឱ្យបានច្រើនគ្នា ដូចជាជួយបងប្អូនប្រជាជនខ្មែរយើងមាសនការងារធ្វើនិងកុំឱ្យចំណាកស្រុក>>។
បើក្រឡេកមកមើលបងស្រី រុណ មកពីខេត្តស្វាយរៀង ដែលកំពុងទិញផលិតផលខ្មែរ វិញបានរៀបរាប់ថា៖ បងស្រីចង់លើកកម្ពស់ និងជួយគាំទ្រអ្វីដែលជារបស់ខ្មែរ ព្រោះធ្វើឱ្យពលរដ្ឋយើងមានការងារធ្វើ ហើយអាចរកចំណូល ជួយគ្រួសារបានមួយកម្រិតថែមទៀត ។
<<ខ្ញុំឃើញការបូបនេះស្អាត ហើយខ្សែចងសក់ជួយទិញគាត់ ដោយសារ បើសិនជាយើងជួយលើកស្ទួយជារបស់ខ្មែរ ធ្វើឱ្យខ្មែរយើងមិនសាបសូន្យទេ។ បើអត់ជួយរបស់ខ្មែរជួយតែប្រទេសខាងក្រៅមក អ៊ីចឹងរបស់ខ្មែរយើងចេះតែសាបសូន្យម្តងបន្តិចៗទៅ។ បើទឹកចិត្តខ្ញុំវិញឃើញគាត់ច្នៃជាសម្ភារៈលក់ដូរសុទ្ធតែជារបស់ខ្មែរ ខ្ញុំចង់ឱ្យកូនខ្មែរយើង ជួយទិញ ជួយគាំទ្រផលិតផលខ្មែរ មិនថាជាកន្ទេល ក្រមា ហូល ប៉ាក់ សូមឱ្យពលរដ្ឋយើងជួយគាំទ្រ ដើម្បីលើកស្ទួយកិត្តិយសខ្មែរយើងទាំងអស់គ្នាកុំឱ្យសាបសូន្យ>>។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើន ពីការជួយលើកកម្ពស់ផលិតខ្មែរ ដែលធ្វើឱ្យសន្ទុះនៃការគាំទ្រពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ ហើយធ្វើឱ្យអាជីករមានកម្លាំងចិត្តក្នុងការផលិតលក់នៅលើទីផ្សារ៕