ទីវត្តអារាមនានានៅក្នុងខេត្តបាត់ដំបងរៀបចំពិធីដាល់អំបុកដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរនិងបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក

009 | ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2024

បាត់ដំបង៖ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ នៅតាមទីវត្តអារាមនានាក្នុងខេត្តបាត់ដំបងបានរៀបចំពិធីដាល់អំបុកដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនិងបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា អំបុកជាឈ្មោះ​ចំណីមួយប្រភេទរបស់ខ្មែរ​ធ្វើ​ឡើងដោយ​យក​គ្រាប់​ស្រូវ​ទុំ​នៅ​ស្រស់​មក​លីង​ឱ្យល្មមហើយ​ដាក់​ក្នុង​ត្បាល់​ធំ​បុក​ផង​ឆ្កៀសឆ្កៀល​ផងរហូតដល់សំ​ពៀច​សំប៉ែត​ខ្ចាត់​សំបក​ស្រូវ​ចេញ។អំបុកមានប្រភេទអំបុក​ដំណើបនិង អំបុក​ខ្សាយប៉ុន្តែតាម​ធម្មតាគេនិយមប្រើ​ស្រូវ​ដំណើប​ជាង​ស្រូវ​ខ្សាយ។

លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ពិធីដាល់អំបុកពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងបង្កើតជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាពិសេស

ធ្វើឱ្យភ្ញៀវទេសចរបរទេសចូលរួមកម្សាន្តសប្បាយរីករាយនិងភ្លក្សដោយផ្ទាល់នូវរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃអំបុកដែលជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ។

លោក ហម អរុណ រំលេចបន្ថែមថា ក្រៅពីពិធីដាល់អំបុកនៅតាមទីវត្តអារាមនានាក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗផងដែរ ជាពិសេសការរាំលេងកម្សា​ន្តប្រកបដោយភាពរីករាយក្រោមម្លប់សុខសន្តិភាព៕លោក នឿ សុភ័ក្រ្តមន្ទីរព័ត៌មានខេត្តបាត់ដំបង