វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ១១ ២៤
ភ្នំពេញ៖ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ក្រុមអាជីវករលក់ដូរទំនិញ ចំណីអាហារ និងភេសជ្ជៈគ្រប់ប្រភេទសប្បាយរីករាយព្រោះមានអ្នកទិញច្រើនធ្វើឱ្យពួកគាត់ទទួលបានការចំណេញគួរសមបន្ទាប់ទូទាត់ថ្លៃដើមនិងការចំណាយផ្សេងៗរួចហើយ។
លោកស្រី សុខ ហេង អាជីវករលក់ផ្លែឈើនៅទន្លេត្រើយខាងកើត ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានលើកឡើងថា បុណ្យអុំទូកឆ្នាំ២០២៤នេះ មានប្រជាពលជាច្រើនបានដើរលេងកម្សាន្ដទាំងថ្ងៃទាំងយប់ ហើយការលក់ដូរ ដាច់គ្រាន់បើដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោកស្រីបានបញ្ជាក់ថា ការលក់នេះ ក្នុងមួយថ្ងៃអាចទទួលបានថវិកាប្រមាណ១លានរៀល ដែលនេះជាចំណុចពិសេសមួយសម្រាប់គ្រួសារលោកស្រី ដើម្បីទទួលបានប្រាក់ចំណេញយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ជឿន កេត អាជីវករលក់ដូរគ្រឿងបរិភោគមកពីខេត្តត្បូងឃ្មុំ ម្នាក់ទៀតមកបានឱ្យដឹងដែរថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវ ក៏ដូចជាប្រជាពលរដ្ឋច្រើនបានជួយទិញចំណីអាហាររបស់លោក ខណៈដែលនេះ ជាលើកទីមួយហើយ ដែលលោកបានមកលក់នៅរាជធានីភ្នំពេញក្នុងឱកាសបុណ្យអុំទូកនេះ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសយ៉ាងច្រើនកុះករអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ ៕