វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ១១ ២០២៤
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ( COP ) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងយន្តហោះនៅឯព្រលានអន្តរជាតិភ្នំពេញនាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទសនិងដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទ COP29 នាប្រទេសអាស៊ែបៃហ្សង់។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថាន បានសិក្សាបានយ៉ាងលម្អិតអំពីដំណើការនៃសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ( COP ) តាំងពីទី១ ដល់ទី២៩ នេះមួយជំហានម្តងៗ រហូតដំណាក់កាលនេះគឺជាដំណាក់កាលដ៏មានសារសំខាន់ណាស់ រួមគ្នាជាមួយបណ្តាប្រទេសផ្សេងទៀត មានទាំងអង្គការ អ្នកវិទ្យាសាស្ត្រ រួមគ្នាដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, រួមគ្នាទប់ស្កាត់ការកើនឡើងកម្ដៅ កំឲ្យលើសពី១,៥អង្សារ និងកៀរគរថវិកាឲ្យបាន១រយពាន់លាន ដើម្បីយកថវិកានោះមកជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកុំឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជួបប្រទះបញ្ហាគ្រោះមហន្តរាយ ដោយសារការកើនឡើងកម្ដៅផង ដោយសារការប្រែប្រួលអាកាសធាតុផង។
ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា នៅក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ ការដោះស្រាយបញ្ហា ការកើនឡើងកម្ដៅ មានវិស័យចំនួន៦ដែលអង្គការសហប្រជាជាតិយកចិត្តទុកដាក់ជាទីបំផុត។ វិស័យទាំង៦រួមមាន៖ ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥ វិស័យគីមី និងទី៦ វិស័យគ្រប់គ្រងសំណល់រឹង សំរាម ដែលវិស័យទាំង៦នេះ ជាវិស័យដែលនាំឲ្យមានការបំពុលបរិស្ថានផង ដល់ការកើនឡើងកម្ដៅផង ក៏ដូចជាការប្រែប្រួលអាកាសធាតុផង។
ឯកឧត្តមបានបន្ថែមថា នៅក្នុងដំណើរការក្នុងកិច្ចប្រជុំនេះ កម្ពុជានឹងជម្រាបជូនបណ្តាប្រទេសទាំងអស់ដែលចូលរួម អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការកើនឡើងកម្ដៅផង ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង ហើយអ្វីដែលកម្ពុជាបានធ្វើកន្លងមក ជាពិសេសក្រសួងបរិស្ថានបានធ្វើការងារច្រើន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការកើនឡើងកម្ដៅ។ ទន្ទឹមនេះដែរកម្ពុជាក៏មានជំនួបជាមួយភាគីជាច្រើនទៀត ដើម្បីកៀរគរការគាំទ្រដល់សកម្មភាពរបស់កម្ពុជាផង កៀរគរធនធាន ដើម្បីយកមកជំរុញលើកស្ទួយបរិស្ថានកម្ពុជាយើងផង។
ក្រៅពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ក៏គ្រោងជួបជាមួយភាគីផ្សេងទៀតដើម្បីជជែកពិភាក្សាលើការដោះស្រាយបញ្ហាលើការប្រែប្រួលអាកាសធាតុ៕