អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
កម្ពុជាបានបើកដំណើរការជាផ្លូវការហើយនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាសណ្ឋាគាសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវត្តមានគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា តំណាងអង្គការជាតិ អន្តរជាតិនិងដៃគូពាក់ព័ន្ធជាច្រើនដែលអញ្ជើញមកពីជិត២០០ប្រទេស នៅជុំវិញពិភពលោក។កិច្ចប្រជុំ បានដំណើរការទៅក្នុងភាពល្អប្រសើរ ក្នុងនោះក៏មានជំនួបពិភាក្សាជាច្រើនរវាងរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការអន្តរជាតិជាបន្តបន្ទាប់ រហូតបញ្ចប់នៅថ្ងៃទី២៩ ខាងមុខនេះ ខណៈប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ពិតជាមានសារៈសំខាន់ បានក្លាយជាបទដ្ឋានសកលមួយ ក្នុងការប្រឆាំងការប្រើប្រាស់អាវុធ និងជាបង្គោលនៃក្តីសង្ឈឹម សម្រាប់ប្រទេសដែលរងផលប៉ះពាល់។
តទៅនេះសូមលោកអ្នកនាងតាមដានស្ដាប់ និងទស្សនា បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្ដីពី៖ អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ពិតជាមានសារៈសំខាន់ បានក្លាយជាបទដ្ឋានសកលមួយ ក្នុងការប្រឆាំងការប្រើប្រាស់អាវុធ និងជាបង្គោលនៃក្តីសង្ឈឹម សម្រាប់ប្រទេសដែលរងផល ប៉ះពាល់ ដូចតទៅ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
បន្ទាប់ពីបានត្រៀមលក្ខណៈ និងការរៀបចំប្រកបដោយយកចិត្តទុកដាក់រយៈពេលជាច្រើនខែកន្លងមក កម្ពុជាកំពុងតែដំណើរការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប - អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលប្រារព្ធឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ ខណៈនៅក្នុងកិច្ចប្រជុំរយៈពេលប៉ុន្មានថ្ងៃនេះ ក៏មានព្រឹត្តិការណ៍អមជាច្រើនត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកាមក មានដូចជា៖ ក្បួនព្យុហយាត្រាមុខប្រាសាទអង្គរវត្ត និងទស្សនកិច្ចនៅតំបន់ប្រាសាទអង្គរវត្ត ដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរតេជោសន្តិភាព និងនៅចំការមីន ការតាំងពិព័រណ៌សមិទ្ធផលនានា ពិធីទទួលទានអាហារពេលល្ងាចសម្រាប់ភ្ញៀវដែលចូលរួមជាដើម ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃសមាជិកអនុសញ្ញាអូតាវ៉ាដែលអញ្ជើញមកពីជិត២០០ប្រទេស នៅជុំវិញពិភពលោក។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីនថ្ងៃទី២៥ ខែវិច្ឆិកាថា៖ នេះជាមហាកិត្តិយសមួយនៅពេលបានជួបជុំគ្នានៅខេត្តសៀមរាបប្រទេសកម្ពុជា សម្រាប់កិច្ចប្រជុំ ត្រួតពិនិត្យលើកទីប្រាំ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សដែល ជាឱកាសមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់កេរដំណែលដ៏ឃោរឃៅនៃគ្រាប់មីនក្នុងពិភពលោក។ឯកឧត្តមថា៖ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាការបញ្ជាក់ឡើងវិញជាសមូហភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់យើង ចំពោះសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសនិងស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលបានមកកាន់ប្រទេសមួយមានការផ្លាស់ប្តូរយ៉ាងខ្លាំង ពីប្រទេសមួយដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសឈានមុខមួយ ក្នុងការតស៊ូមតិ ដើម្បីកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការលើកកម្ពស់ពិភពលោកដែលគ្មានមីន។សម្តេចមានប្រសាសន៍បន្ថែមថា៖ ការជួបជុំគ្នានៅពេលនេះ ជាភស្តុតាងដ៏មានឥទ្ធិពលមួយ ក្នុងការកសាងពិភពលោកមួយ ដែលមាន សន្តិភាព មានសុវត្ថិភាពក្នុងយុគ្គសម័យដែលមានជម្លោះប្រដាប់អាវុធ ការប្រឈមផ្នែកភូមិសាស្ត្រ នយោបាយ ចាំបាច់ទទួលស្គាល់ពីភាពបំផ្លិចបំផ្លាញ បង្កឡើងដោយអាវុធប្រល័យ ជាពិសេសគ្រាប់មីនប្រឆាំងមនុស្ស។ ឧបករណ៍ទាំងនេះនៅតែបន្តបំផ្លាញ និងសម្លាប់ប្រជាជនស្លូតត្រង់ សូម្បីតែក្រោយបញ្ចប់សង្រ្គាម ជាក់ស្តែងបទពិសោធន៍របស់កម្ពុជា ជាភស្តុតាងច្បាស់នៃការរងគ្រោះនេះ។ ហេតុដូច្នេះទើបកម្ពុជា យល់ឃើញអំពីសារៈសំខាន់នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
សំឡេងទី១« អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬអនុសញ្ញាអូតាវ៉ា គឺពិតជាមានសារៈសំខាន់ណាស់ ហើយបានក្លាយជាបទដ្ឋានសកលមួយ ក្នុងការប្រឆាំងការប្រើប្រាស់អាវុធ នឹងជាបង្គោលនៃក្តីសង្ឈឹមសម្រាប់ប្រទេស ដែលរងផលប៉ះពាល់ »។
សម្តេចមហាបវរធិបតីមានប្រសាសន៍បន្តថា៖ កិច្ចប្រជុំកំពូលសៀមរាបអង្គរនេះ ក៏ជាឱកាសសំខាន់មួយ សម្រាប់ឆ្លុះបញ្ជាំងលើវឌ្ឍនភាពការងារ ដើម្បីធានានូវសារៈសំខាន់និងភាពជោគជ័យនៅពេលខាងមុខ។
សំឡេងទី២«កិច្ចប្រជុំកំពូលថ្ងៃនេះជាឱកាសសំខាន់មួយសម្រាប់ឆ្លុះបញ្ចាំងលើវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាដែលកើតមានថ្មី និងបង្កើតផែនការសម្រាប់អនាគត ដើម្បីធានានូវសារៈសំខាន់ និងភាពជោគជ័យនៅពេលខាងមុខ នៃអនុសញ្ញាអូតាវ៉ា នៅក្នុងពិភពលោកដែលមិនមានភាពប្រាកដប្រជានេះ »។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ ទឹកដីដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ធ្លាប់បានឆ្លងកាត់នូវសោកនាកម្មដ៏គួរឱ្យសោកសង្រេងបំផុត ពលរដ្ឋកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា របស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះផ្សេងទៀត។ បើទោះបីជាសន្តិភាពពេញលេញ ត្រូវសម្រេចបាននៅឆ្នាំ១៩៩៨ក៏ដោយ ស្រមោលនៃគ្រាប់មីន នៅតែបន្តកើតមាន និងបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ ខណៈការកសាងប្រទេសរបស់យើងឡើងវិញក៏ត្រូវប្រឈម ដោយសារមីននៅតែបន្តរារាំងដល់ការអភិវឌ្ឍនិងសមាហរណកម្ម។ សម្តេចបានសង្កត់អំពីវឌ្ឍនភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន និងមិនអាចសម្រេចបាននោះទេ បើសិនគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ។
សំឡេងទី៣«វឌ្ឍនភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន មិនអាចសម្រេចនោះទេ បើសិនគ្មានការគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេសនិងម្ចាស់ជំនួយនានា ដែលបានជួយផ្តល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស យើងការលើកទឹកចិត្តយើងបានបោះជំហាន ដ៏សំខាន់ក្នុងការសម្រេចគោលដៅនេះ។ មកដល់បច្ចុប្បន្នយើងបានបំផ្លាញមីនប្រឆាំងមនុស្សជាងមួយលានគ្រាប់ និងសំណល់ជាផ្ទុះចំនួន៣លានគ្រាប់ យើងក៏បានបោសសម្អាតមីន លើផ្ទៃដីជាង៣ពាន់គីឡូម៉ែត្រក្រឡា ហើយបានប្រែក្លាយរាជធានីខេត្ត ចំនួន១៥ ក្នុងចំណោម២៥ជារាជធានីខេត្តអស់មីន»។
សម្តេចមានប្រសាសន៍បន្តទៀតថា៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាកម្មរបស់ខ្លួនទៅជាមេរៀនដ៏មានអនុភាពមួយ សម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនិងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលលំបាករបស់មីន។ សកម្មភាពកំចាត់មីនកម្ពុជា ក៏បានបន្តចែករំលែកបទពិសោធន៍ ផ្ទេរជំនាញឱ្យទៅប្រទេសដទៃទៀត ដែលប្រឈមមុខនិងបញ្ហាដូចគ្នានោះ បើទោះជាយ៉ាងណាដំណើររបស់យើងនៅវែងឆ្ងាយទៀត ព្រោះកម្ពុជានៅមានផ្ទៃដីដែលមានគ្រាប់មីនជាង១៦០០គីឡូម៉ែត្រក្រឡា ដែលត្រូវរំដោះបន្ត នេះជាមូលហេតុនៃការបញ្ចប់ផលប៉ះពាល់អវិជ្ជមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្រ្គាម និងជំនួយដល់ជនរងគ្រោះ ពិតជាមូលដ្ឋានគ្រឹះនៃរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះសម្តេចប្រមុខរដ្ឋាភិបាលអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមទាំងអស់គ្នា ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។
សំឡេងទី៤« កម្ពុជាអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើង ក្នុងបេសកកម្មនេះ ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែមនុស្សបច្ចុប្បន្នទេ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយៗទៀត យើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការចុះសិក្សា និងបោសសម្អាតគ្រាប់មីន ពង្រីកកម្មវិធីអប់រំនិងការយល់ដឹង និងពង្រីកការផ្តល់ជំនួយដល់ជនរងគ្រោះនៅទូទាំងពិភពលោក ។ សូមឱ្យអនុសញ្ញានេះមិនត្រឹមតែជាក្របខណ្ឌច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តប្រកបដោយសីលធម៌ ដែលចងយើងជាគ្រួសារតែមួយផងដែរ»។
លោកវរសេនីយ៍ត្រី ហៃ សូវេន ជាអ្នករៀបចំស្តង់ពិព័រណ៍នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានឱ្យដឹងថា៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីនអង្គភាពលោកបាននំាយកឧបករណ៍ទំនើបមួយចំនួនមកតាំងបង្ហាញក្នុងសាលពិព័រណ៍ជូនគណៈប្រតិភូជាតិអន្តរជាតិ និងសាធារណជនបានទស្សនា ដើម្បីបង្ហាញឱ្យឃើញអំពីទំនើបកម្មនៃឧបករណ៍ដោះមីនដែលកម្ពុជាបានចូលរួមជាមួយសហគមន៍អន្តរជាតិ។
សំឡេងទី៥« មជ្ឈមណ្ឌលរក្សាសន្តិភាពយើងខ្ញុំបានដឹកនាំដែលរក្សានៃវិស័យសកម្មភាពមីនជាច្រើនដែលមានម៉ាស៊ីនរាវមីន ហើយម៉ាស៊ីនរាវមីនបែងចែកជាពីរប្រភេទ ម៉ាស៊ីនរាវជ្រៅនិងរាក់ និងគ្រឿងឧបករណ៍ប្រឆាំងភេរវកម្មមួយចំនួន ដូចជា៖ រ៉ូប៉ូត ECM និងប៉ូស៊ូត និងឧបករណ៍ផ្សេងៗទៀតដែលភាគច្រើនពាក់ព័ន្ធនៅពេលយើងឃើញហើយ យើងធ្វើការកម្ទេច។ បទបង្ហាញនេះដែរ យើងបានយកឧបករណ៍ទាំងអស់នេះ ដើម្បីឱ្យមានការយល់ដឹងថា កងទ័ពមួកខៀវហើយ ដែល បានទៅធ្វើបេសកកម្មនៅក្រៅប្រទេសមួយចំនួន យើងយកសម្ភារៈអស់នេះ ដែលកងកម្លាំងកម្ពុជាយើងយកឧបករណ៍ទាំងអស់នេះទៅបម្រើឱ្យវិស័យ បោសសម្អាតមីននៅបណ្តាប្រទេសមួយចំនួន ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ និងស៊ូដង់។ គោលបំណងចង់ឱ្យបានឃើញថាជាទំនើបកម្មមួយក្នុងសម័យនេះដែរ ដែលឧបករណ៍នេះធ្វើឱ្យយើងកាត់បន្ថយហានិភ័យបានខ្ពស់ជាងសម័យមុនទៅលើប្រតិបត្តិករមិនមានហានិភ័យខ្ពស់ »។
អ៊ំស្រី ចាន់ថា អាយុជាង៥០ឆ្នាំ ប្រជាពលរដ្ឋរស់នៅសង្កាត់នគរធំ ក្រុងសៀមរាបបានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីននៅខាងមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានថ្លែងថា៖ តាមរយៈការឆ្លងកាត់ក្នុងសម័យសង្រ្គាមពលរដ្ឋត្រូវរស់នៅដោយភាពភ័យខ្លាច បន្ទាប់ពីបញ្ចប់សង្រ្គាមក៏ពលរដ្ឋត្រូវភ័យខ្លាចដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលមានកប់រាយប៉ាយក្នុងដីនៅទូទាំងផ្ទៃប្រទេស ធ្វើឱ្យរងគ្រោះថ្នាក់ស្លាប់ និងរបួសដោយសារមីនជាច្រើន។ អ៊ំស្រីបន្តថា៖ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូនានា បានបោសសម្អាតផ្ទៃដីដែលធ្លាប់ជាដីមានគ្រោះថ្នាក់ដោយសារគ្រាប់មីន ផ្តល់នូវដីសុវត្ថិភាពសម្រាប់ពលរដ្ឋពឹងអាស្រ័យ។ អ៊ំស្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអង្គការម្ចាស់ជំនួយដែលបានផ្តល់ឱ្យពលរដ្ឋអាចធ្វើដំណើរទៅទីជិតឆ្ងាយ និងប្រកបការងារកសិកម្មដោយមិនភ័យខ្លាច។
សំឡេងទី៤«មានកាលប៉ុលពតមានបញ្ហាមីនច្រើន ទៅមានផលលំបាកដើរទៅណាខ្លាចជាន់មីន ចាសបារម្ភណាស់ខ្លាច គ្រោះថ្នាក់ខ្លាចកំបុតជើង កំបុតដៃ មានអស់ជីវិត។ ឥឡូវសប្បាយអត់មានមីនទេ ដោយខាងស៊ីម៉ាក់គេរាវយកមីនអស់ហើយ សប្បាយចិត្ត នៅភូមិរហាលនៅស្រះស្រង់ខ្ញុំអត់មានមីនទេ គេរាវយកអស់ហើយ »។
លោកអ្នកនាងជាទីមេត្រី!
អស់រយៈពេល២៥ឆ្នាំមកហើយ អនុសញ្ញាអូតាវ៉ានេះ បានក្លាយជាសញ្ញានៃក្តីសង្ឈឹមសម្រាប់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ វាបានជួយជីវិត ស្តារសហគមន៍ឡើងវិញ និងឱ្យគ្រួសារអាចស្តារអនាគតរបស់ពួកគេឡើងវិញ។ មិនតែប៉ុណ្ណោះ វាបាននាំពិភពលោករួមគ្នាក្នុងបេសកកម្មមួយ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរនៃជីវិត។ ការរួបរួមគ្នា យើងបានបង្ហាញឱ្យឃើញថា សូម្បីតែមរតកដ៏ខ្មៅងងឹតនៃសង្រ្គាមក៏អាចយកឈ្នះបាន នៅពេលដែលយើងរួបរួមគ្នាក្រោមបដានៃសន្តិភាព។ ការងារ នៃ អនុសញ្ញានេះ មិនត្រឹមតែបានបោសសម្អាតដីប៉ុណ្ណោះទេ តែវាបានជម្រះផ្លូវ ឆ្ពោះទៅអនាគត ដែលលែងមានការភ័យខ្លាច អាចឱ្យកសិករសាបព្រោះវាលស្រែរបស់ពួកគាត់ម្តងទៀត។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៣ កម្ពុជាបានបោសសម្អាតផ្ទៃដីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន៣,០២៤គីឡូម៉ែត្រការ៉េ ក្នុងនោះរកឃើញ និងបានបំផ្លាញមីនប្រឆាំងមនុស្ស១,១៧៩,៣៦៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៦,៣៣៩គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងៗទៀតចំនួន៣,១០៥,៥៩៣គ្រាប់ ដែលរួមបញ្ជូលទាំងគ្រាប់បែកចង្កោមផងដែរ។ ផ្ទៃដីបោសសម្អាតរួច ត្រូវបានប្រើប្រាស់សម្រាប់វិស័យកសិកម្មប្រមាណ៧៦ភាគរយ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត១៩ភាគរយ និង៥ភាគរយសម្រាប់វិស័យផ្សេងៗ ដោយមានប្រជាជនទទួលផលជាច្រើនលាននាក់។ ជាមួយគ្នានេះ ផ្អែកលើទិន្នន័យផ្លូវការបច្ចុប្បន្ន គិតត្រឹមឆ្នាំ២០២៣ កម្ពុជានៅសល់ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ចំនួនប្រមាណ១៧០០គីឡូម៉ែត្រការរ៉េ ខណៈពលរដ្ឋប្រមាណជាង១លាននាក់ កំពុងរស់នៅក្នុងតំបន់សង្ស័យទាំងនោះ។ ខណៈក្នុងឱកាសបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយកម្ពុជា ក្នុងបេសកកម្មនេះ ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែមនុស្សបច្ចុប្បន្នទេ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយៗទៀត៕