វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ១២ ២០២៤
ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ ដោយគិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ មានឃុំ-សង្កាត់ចំនួន៨៥ ស្មើ៧១ភាគរយ នៃចំនួនឃុំសង្កាត់នៅតាមបណ្តោយផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅក្នុងខេត្តគោលដៅទាំង៧ នៃប្រទេសកម្ពុជា បានធ្វើសកម្មភាពសម្អាតផ្លូវជាតិ ដោយមិនឱ្យមានគំនរសំរាម ឬថង់ប្លាស្ទិកតាមដងផ្លូវ។
នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។ ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង១ម៉ឺន៣ពាន់នាក់ បានចូលរួមអនុវត្តសកម្មភាពសម្អាតផ្លូវជាតិទាំងនេះ។
ក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា យុទ្ធនាការខាងលើ បានបំបាត់គំនរសំរាមដែលមិនរៀបរយចំនួន២២១កន្លែង និងប្រមូលទុកដាក់សំណល់សរុបបានចំនួន៤២.៣២៣គីឡូក្រាម និងបានអនុវត្តលើកំណាត់ផ្លូវ ៣២៤ គីឡូម៉ែត្រ ស្មើនឹង៥១ភាគរយ នៃប្រវែងផ្លូវសរុប។
សូមជម្រាបថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅបណ្តារាជធានី-ខេត្តចំនួន៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិសម្រាប់ឆ្នាំ២០២៥៕