វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៤ ១២ ២០២៤
ភ្នំពេញ ៖ គម្រោងសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ០២ទីតាំង នៅលើផ្លូវជាតិលេខ៧១សេ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រេចលទ្ធផល ១០០% ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង សំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានជាប់រឹងមាំ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់។
ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ និងឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រុមហ៊ុនសាងសង់ផ្លូវ Shanghai Construction Group Co,Ltd. និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងប្រគល់ទទួលស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ០២ទីតាំង នៅលើផ្លូវជាតិលេខ៧១សេ រួមមានទីតាំងទី១ ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ៧០+៣០០ ក្នុងភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទីតាំងទី២ ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ៣៩+៩៥០ ក្នុងភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕