អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកភួង ឈុនលាង
ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងព័ត៌មាន និងអង្គការ UNESCO រៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» ដើម្បីកៀរគរភាគីពាក់ព័ន្ធសំខាន់ៗចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់ៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម។ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ (Media Content) អ្នកមានឥទ្ធិពល និងប្រជាប្រិយនៅក្នុងបណ្តាញសង្គម (Influencers) និងប្រព័ន្ធផ្សព្វផ្សាយមានគុណតម្លៃ មានតួនាទីដ៏សំខាន់សម្រាប់បុព្វហេតុនៃការការពារសិទ្ធិស្ត្រីនិងក្មេងស្រី ដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្នត់គំនិតរបស់សង្គម និងកាត់បន្ថយអំពើរើសអើងចំពោះស្ត្រី និងក្មេងស្រី។
វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន និងអង្គការ UNESCO។លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានលើកឡើងថា ក្រោមឆ័ត្រនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ ក្រសួងកិច្ចការនារី បានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» ឆ្នាំ ២០២៤-២០២៨ ដោយផ្តោតលើការ បញ្ជ្រាបយេនឌ័រ តាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ និងកម្មវិធីអាទិភាព ចំនួន៦ រួមមាន ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច និង ស្រ្តី និងការប្រែប្រួលអាកាសធាតុ។យ៉ាងណាមិញ ដើម្បីធ្វើបរិវត្តកម្មយេនឌ័រ (Gender Transformative) និងដើម្បីឈានទៅសម្រេចយុទ្ធសាស្រ្ត ទាំង៦ខាងលើនេះ ការងារព័ត៌មាន ជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ អ្នកមានឥទ្ធិពល និងប្រជាប្រិយនៅក្នុងបណ្តាញសង្គម (Influencers) និងប្រព័ន្ធផ្សព្វផ្សាយ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។មិនតែប៉ុណ្ណោះភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត (AI) ផ្នត់គំនិតយេនឌ័រ (ហិង្សាទាក់ទងនឹងយេនឌ័រ) ក៏ត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាឌីជីថល ជាហេតុត្រូវ ជំរុញឱ្យមានការគិតគូរដល់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ស្ត្រី និងកុមារ ជនងាយរងគ្រោះ រួមទាំងស្ត្រី អ្នកសារព័ត៌មានផងដែរ។
សំឡេង៖« ដូចដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងនូវវិធានការគន្លឹះ ធ្វើយ៉ាងម៉េចសម្រេចឱ្យ បានភាពជាពលរដ្ឋប្រកបដោយសីលធម៌ខ្ពស់ រស់នៅក្នុងសង្គមដែលមានចរិយាធម៌ខ្ពស់។ ដូច្នេះពាក្យនេះដែលលោកអ្នកជាតំណាងសារព័ត៌មាន និងជាអ្នកធ្វើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬ អ្នកលក់ដូរតាមប្រព័ន្ធអនឡាញក៏មានតួនាទីដែរ ហើយអ្នកសារព័ត៌មានគឺជាអំណាចទី ៤ ដែលអាចធ្វើឱ្យសង្គមផ្លាស់ប្ដូរ ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនផ្លាស់ប្ដូរ ដូច្នេះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ មែនទែន ដែលជាអំណាចទី ៤ ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយនៅក្នុងសង្គម។»
លោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមគ្នា បញ្ជា្របការយល់ដឹងពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី និងជំរុញការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី និង ជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី ក្រុមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្ត្រី និង គោលការណ៍ណែនាំស្តីពីសុវត្ថិភាពរំញោចយេនឌ័រសម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន និងបង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹង ក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ។ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ គឺជាផ្នែកមួយ ដ៏សំខាន់និងមិនអាចខ្វះបាន ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និង សុវត្ថិភាព លើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្ត្រី និងក្មេងស្រី។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដើម្បីរួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដែលរំលេចពីភាពចាំបាច់នូវភាពជាដៃគូពីពហុភាគីពាក់ព័ន្ធ ជាពិសេសសារព័ត៌មាន ក្នុងការចូលរួមលុបបំបាត់ការរំលោភបំពានលើសិទ្ធិមនុស្ស។ លោកក៏បានលើកឡើងអំពីការវិវត្តនៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមចំណែកកែលម្អផ្នត់គំនិតសង្គម និងការយល់ឃើញទៅលើផ្នត់គំនិតយេនឌ័រ ដោយរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយអាច និងគួរតែចូលរួមលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ភាពជាគំរូវិជ្ជមាន និងការផ្ដល់ឱកាសឱ្យស្រ្តីនិងជនរងគ្រោះអាចបញ្ចេញមតិជាសាធាណៈបាន។
សំឡេង៖«គ្មានលេសណាក្នងការអត់ឱនឲ្យអំពើហិង្សាលើស្រ្តីនោះឡើយ។ ដូច្នេះដំណោះស្រាយរួមគឺអាទិភាពទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាជាសកល ខណៈដែលយូណេស្កូមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ចំណុចសំខាន់មួយចំនួនជាអនុសាសន៍ពីយូណេស្កូរួមមាន គឺទីមួយត្រូវធានាឲ្យមានការទទួលបានព័ត៌មានទាន់ពេលវេលាសម្រាប់អ្នកសារព័ត៌មានពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីឲ្យពួកគេអាចរាយការណ៍ព័ត៌មានបានដោយបើកចំហ និងដោយសេរី អំពីអំពើហិង្សាលើស្រ្តី និងអាចបង្កើនការយល់ដឹងជាសាធារណៈដើម្បីឲ្យមានការគោរពសិទ្ធិស្រ្តី។ទីពីរ ការបណ្តុះបណ្តាលឲ្យបានគ្រប់គ្រាន់ដល់អ្នកសារព័ត៌មានអំពីការរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌ និងគិតគូរអំពីសមភាពយេនឌ័រ រួមបញ្ចូលទាំងបច្ចេកទេសសម្ភាសន៍សម្រាប់ជនរងគ្រោះ ការជ្រើសរើសមុំសរសេររឿង ដោយការពារភាពឯកជនរបស់ជនរងគ្រោះ។ទីបី គឺពន្លឿនការអនុវត្តប្រកាសរួមគ្នាស្តីអំពីក្រមសីលធម៌របស់អ្នកសារព័ត៌មានស្តីអំពីការរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តី ដោយអនុវត្តវិធីសាស្រ្តឲ្យបានសមស្របដើម្បីតាមដានអនុលោមភាព និងយន្តការដោះស្រាយបណ្តឹងរបស់សាធារណជន។ហើយអនុសាសន៍ចុងក្រោយ គឺត្រូវធានាឲ្យមានការពារសុវត្តិភាពរបស់អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសអ្នកសារព័ត៌មានជាស្រ្តីតាមរយៈការកសាងនូវបរិយាកាសការងារប្រកបដោយសុវត្តិភាព និងសមភាពនៅក្នុងបន្ទប់សារព័ត៌មានដើម្បីបង្កើនភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងតួនាទីក្នុងការសម្រេចចិត្ត។»
លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ នៃស្ថានទូតស៊ុយអែត ក៏បានលើកឡើងអំពីឥទ្ធិពលនៃសារព័ត៌មានក្នុងការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ ក៏ដូចជាសង្គមផងដែរ។ដូច្នេះតាមរយៈការបង្កើនការយល់ដឹង និងការតស៊ូមតិនានា ប្រព័ន្ធផ្សព្វផ្សាយអាចចូលរួមចំណែកក្នុងការបង្កើតសង្គមពោរពេញដោយបរិយាបន្ន និងសុវត្ថិភាព។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានកត់សម្គាល់ពីវឌ្ឍនភាពសមភាពយេនឌ័រ ទាំងក្នុងវិស័យអប់រំនិងក្នុងវិស័យការងារនៅកម្ពុជា។ ជាក់ស្តែង គឺការផ្លាស់ប្ដូរផ្នត់គំនិតបុរាណពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ក្នុងសង្គមកម្ពុជាដូចពេលបច្ចុប្បន្នដែលនេះជាសក្ខីកម្មនៃការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឲ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។
សំឡេង៖«នៅក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្មនៅក្នុងការលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាទៅលើស្ត្រី និង ក្មេងស្រីតាមរយៈការជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មាន និងមាតិកាពាក់ព័ន្ធទៅនឹងស្ត្រី និងក្មេងស្រី ជាពិសេសគឺបាននិងកំពុងពាំនាំយកទស្សនៈ និងសំឡេងរបស់ស្ត្រី និងក្មេងស្រី ទៅកាន់សង្គមជាតិ និងពិភពលោក ដើម្បីផ្ដល់ជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាយ និងដៃគូពាក់ព័ន្ធដែលធ្វើការងារលើការលើកកម្ពស់សមភាពយេនឌ័រ រៀបចំគោលនយោបាយនៅផែនការយុទ្ធសាស្ត្រចំគោលដៅដែលស្ត្រីនិងក្មេងស្រីចង់បាន។»
បើតាមឯកឧត្តមរដ្ឋមន្រ្តី ការពង្រឹងការអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឲ្យមានប្រសិទ្ធភាព នឹងជួយរួមចំណែកលើកកម្ពស់សមភាពយេនឌ័រទោះបីស្ថិតនៅក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
សំឡេង៖«ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានរួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយប្រសិទ្ធភាព ក្រសួងព័ត៌មានបាននិងកំពុងជំរុញឲ្យមានការអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក្រមប្រតិបត្តិនៅក្នុងចំណោមប្រតិបត្តិករក្នុងវិស័យព័ត៌មាន សំដៅឲ្យអង្គភាពទាំងនោះផលិតនិងផ្សព្វផ្សាយមាតិកានិងព័ត៌មានពិតមិនបំពុលសង្គម និងមាន ប្រយោជន៍ដល់សង្គមជាតិ។ក្នុងការអនុវត្តយន្តការនេះក្រសួងព័ត៌មានបានដោយប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាស្តង់ដារប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់ឲ្យអង្គពាក់ព័ន្ធនៅក្នុងវិស័យព័ត៌មានទាំងអស់គោរព និងអនុវត្តតាម នៅក្នុងការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ សំដៅលើកកម្ពស់សេរីភាពសារព័ត៌មាននិងសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននឹងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធផ្សព្វផ្សាយដ៏សំបូរបែបនៅក្នុងយុគសម័យឌីជីថលដែលវាយលុកដោយព័ត៌មានក្លែងក្លាយ។ ស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនជាពិសេសគឺការលេចឡើងនូវបញ្ញាសិប្បនិម្មិត (AI)
នាំឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពស្ត្រីនិងក្មេងស្រី និងធ្វើឲ្យពួកគេក្លាយទៅជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ និងជនរងគ្រោះនៃអំពើហិង្សា ការបៀតបៀនផ្លូវភេទ និងការមាក់ងាយពីសង្គម ជាពិសេសស្ត្រីនិងក្មេងស្រីនៅតំបន់ជនបទដាច់ស្រយាលដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។»
ទោះយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌ មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ចូលរួមឲ្យសកម្មបន្ថែមទៀត ក្នុងការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងគ្រប់ជ្រុងជ្រោយពីស្រ្តីនិងក្មេងស្រី និងឲ្យបានកាន់តែទូលំទូលាយ ដើម្បីជាពុទ្ធិនិងមូលដ្ឋាន គាំទ្រនិងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់ទិដ្ឋភាព និងចូលរួមចំណែកក្នុងការកសាងបណ្តាញស្ត្រីនិងក្មេងស្រីកាន់តែរឹងមាំ ដើម្បីឲ្យពួកគាត់មានឱកាសក្នុងការពិភាក្សា និងជួយគ្នាទៅវិញទៅមក ក៏ដូចជាការពារពួកគាត់ឲ្យជៀសផុតពីភាពងាយរងគ្រោះដោយសារអំពើហិង្សា ការឆបោកនិងការបៀតបៀតគ្រប់រូបភាព។
សូមបញ្ជាក់ថា អង្គវេទិកាបានចូលរួមចែករំលែក និងពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា រវាងវាគ្មិនមកពីក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការ ActionAid Cambodia និងក្រុមស្រាវជ្រាវលើគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពរំញោច យេនឌ័រ ពាក់ព័ន្ធនឹងប្រធានបទ ស្តីពីគុណតម្លៃ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់ អំពើហិង្សាលើស្ត្រី។ក្រសួងកិច្ចការនារី ក្រសួង ព័ត៌មាន និងដៃគូពាក់ព័ន្ធ នឹងទទួលយកធាតុចូលនិងអនុសាសន៍ចេញពីវេទិកានេះ ដើម្បីជាធាតុចូល ក្នុងការតាក់តែងគោលនយោបាយ និងដាក់ចេញដំណោះស្រាយសមស្រប។ ក្រសួងទាំងពីរបានប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការរួមគ្នា លើការពង្រឹងបណ្តាញទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នករៀបចំមាតិកា និងដៃគូ ពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ឲ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជាបន្តបន្ទាប់បន្ថែមទៀត៕