កសិករស្រុកឯកភ្នំដាំដុះស្រូវបានទិន្នផលខ្ពស់ស្រែខ្លះអាចទទួលបានទិន្នផលរហូតដល់៧តោនក្នុងមួយហិកតា

009 | ថ្ងៃទី 05 ខែ មករា ឆ្នាំ 2025

បាត់ដំបង៖ក្រោយពីទទួលបានសំណង់ស្ទាក់ទឹកនិងប្រឡាយខ្វាត់ខ្វែងកសិករនៅស្រុកឯកភ្នំបានធ្វើការដាំដុះស្រូវទទួលបានទិន្នផលខ្ពស់កន្លែងខ្លះរហូតដល់៧តោនក្នុងមួយហិកតា ទៅតាមការថែទាំបន្ថែមរបស់ម្ចាស់ស្រែ ។
លោក លួន ភក្រ្តា ចៅសង្កាត់រងទី១សង្កាត់ក្តុលដូនទាវបានឱ្យដឹងថាកសិករក្នុងសង្កាត់លោកបាន សម្តែងក្តីរីករាយដែល ពួកគាត់មានទឹកស្រោចស្រពស្រែគ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សា ដែលធ្វើឱ្យការដាំដុះស្រូវ របស់ពួកគាត់ទទួលបានទិន្នផលខ្ពស់ ចាប់ពី៦តោន ដល់៧តោន នៅក្នុងមួយហិកតា។
លោកបញ្ជាក់ថាកសិករក្នុងសង្កាត់ក្តុលដូនទាវឆ្នាំនេះបានធ្វើការដាំដុះស្រូវប្រមាណ១៥០ហិកតាដែលអាចធ្វើបាន២រដូវក្នុងនោះរដូវវស្សាមួយរដូវនិងប្រាំងមួយរដូវ។លោកបន្ថែមថាសង្កាត់ក្តុលដូនទាវបានធ្វើការស្តារព្រែកមួយខ្សែឈ្មោះព្រែកក្តុលដែលចំណាយថវិការជាង៣០០លានរៀលរបស់មូលនិធិរដ្ឋបាលក្រុងបាត់ដំបង ដោយតភ្ជាប់ជាមួយប្រឡាយមេរបស់សង្កាត់និងឃុំផ្សេងទៀត និងមានទ្វារទឹកបិទ បើកសម្រាប់ស្តុក និងបញ្ចូល បញ្ចេញទឹកតាមតម្រូវការ។ លោកបញ្ជាក់ថាព្រែកក្តុលនេះក្រៅពីស្រោចស្រពស្រូវក្នុងសង្កាត់ក៏អាចមានលទ្ធភាពជួយស្រោចស្រពស្រូវនៅសង្កាត់មួយចំនួនទៀតនិងប្រើប្រាស់ស្រោចស្រពដំណាំនិងមនុស្សសត្វប្រើប្រាស់ផងដែរ។
លោកបន្ថែមថាប្រភពទឹកដែលហូរចូលព្រែកនេះមានទឹកភ្លៀងនៅពេលខែវស្សាបិទទ្វារព្រែកដើម្បីស្តុបទឹកទុក ពេលខែប្រាំងប្រភពមកពីទឹកស្ទឹងសង្កែ និងបឹងរលួស។
កសិករមួយរូបលោក ឡុង សុគន្ធបានឱ្យដឹងថាគាត់ធ្វើស្រែ១០ហិកតាដែលធ្វើមួយឆ្នាំបានពីររដូវ បានរយៈពេល២ឆ្នាំមកហើយបន្ទាប់ពីស្តារព្រែកក្តុលមក និងមានប្រឡាយខ្វាត់ខ្វែងមានទឹកគ្រប់គ្រាន់ ធ្វើស្រែ។លោកបន្ថែមថាចំណែកទីផ្សារវិញឆ្នាំនេះស្រូវស្រង៉ែអាចលក់បានមួយតោនមួយម៉ឺន៧០បាត តម្លៃនេះ ប្រហាក់ប្រហែលឆ្នាំមុនដែលធ្វើឱ្យគាត់និងកសិករផ្សេងទៀតរីករាយ អាចសល់ចំណេញគួរ សម្យ ក្រោយកាត់កងថ្លៃជី និងភ្ជួររាស់រួច។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មនិងរុក្ខាប្រមញ្ញខេត្តបាត់ដំបងឱ្យដឹងថាស្រុកឯកភ្នំឆ្នាំនេះបានធ្វើការដាំដុះស្រូវប្រាំងបានចំនួន១៤៨៨ហិកតា ស្មើជាង៧៤ភាគរយនៃផែនការ២០០០ហិកតា។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបានឱ្យដឹងថា កសិករនៅស្រុកឯកភ្នំបង្កបង្កើនផលស្រូវ បានទិនិន្នផលខ្ពស់ជាងមុនក្រោយពីទទួលមានប្រឡាយទឹកខ្វាត់ខ្វែងដើម្បីស្រោចស្រពទាំងប្រាំងនិងវស្សា។លោកបញ្ជាក់ថាប្រភពទឹកសំខាន់ក្នុងស្រុកឯកភ្នំមាន២ធំៗក្នុងនោះមានទំនប់ស្ទាក់ទឹកសាលាតាអនដែលអាចស្ទាក់ស្ទឹកសង្កែបង្ហូរចូលព្រែកស្នោរដែលអាច ស្រោចស្រព ស្រូវ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋនៅឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង និងមួយទៀតព្រែកដូនទាវ អាចស្រោចស្រពស្រូវ និងដំណាំប្រជាពលរដ្ឋនៅឃុំពាមឯក ឃុំព្រែកនរិន្ទជាដើម និងអាចហូ ចូលអាងភាសស្តុក ទឹកទុកចែកចាយបន្តទៅប្រឡាយនានា។លោកបញ្ជាក់ថាប្រភពទឹកសំខាន់ មួយទៀតគឺបានមក ពីទំនប់អាងកំពីងពួយបង្ហូរចូលអាងភាសដើម្បីចែកចាយបន្តផងដែរ។ 
របាយការណ៍របស់មន្ទីរកសិកម្ម និងរុក្ខាប្រមញ្ញខេត្តបាត់ដំបងឱ្យដឹងថា ឆ្នាំ២០២៤នេះខេត្តបាត់ដំបង បានដាំដុះស្រូវវស្សាក្នុងនោះមានប្រភេទស្រូវស្រាលដើមរដូវ ស្រូវស្រាលបង្កើនរដូវ ស្រូវស្រាល ស្រូវធ្ងន់ ស្រូវឡើងទឹក សរុប ៤៥០ ១៦៥ហិកតា និង ប្រមូលផលបាន ២៣២ ៦៥១ហិកតា ស្មើជាង៥១ភាគរយ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា២០២៤។
ចំណែកការដាំដុះស្រូវប្រាំងបានចំនួន១៦៤៦៨ហិកតា ស្មើនឹងជាង៦៥ភាគរយនៃផែនការដាំដុះ ២៥០០០ហិកតា ៕ អត្ថបទ៖ លោកភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

កសិករស្រុកឯកភ្នំដាំដុះស្រូវបានទិន្នផលខ្ពស់ស្រែខ្លះអាចទទួលបានទិន្នផលរហូតដល់៧តោនក្នុងមួយហិកតា
កសិករស្រុកឯកភ្នំដាំដុះស្រូវបានទិន្នផលខ្ពស់ស្រែខ្លះអាចទទួលបានទិន្នផលរហូតដល់៧តោនក្នុងមួយហិកតា
កសិករស្រុកឯកភ្នំដាំដុះស្រូវបានទិន្នផលខ្ពស់ស្រែខ្លះអាចទទួលបានទិន្នផលរហូតដល់៧តោនក្នុងមួយហិកតា