វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៣ មករា ២០២៥
MC៖ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស បានរៀបចំសិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ជូនដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ នៃវិទ្យាស្ថានអប់រំកាយ និងកីឡា ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក សុក ថា ប្រធាននាយកដ្ឋានបរិវិត្តកម្មឌីជីថល លោក Tezuka Koji ប្រធានគម្រោងអង្កការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់លោក លោកស្រីជាបុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
សិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) រៀបចំឡើងក្នុងគោលបំណង ដើម្បីចងក្រងសៀវភៅណែនាំការ ប្រើប្រាស់ ICT យ៉ាងទូលំទូលាយ សមា្រប់វិទ្យាស្ថានអប់រំកាយ និង កីឡា (NIPES) ដែលជ្រោមជ្រែងការរួមបញ្ចូលបច្ចេកវិទ្យាប្រកប ដោយប្រសិទ្ធភាពនៃការបង្រៀន ការរៀន និងការគ្រប់គ្រង។
លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលាមានរយៈពេល ០២ថ្ងៃ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងវគ្គនោះមានសិក្ខាកាមចូលរួមសរុបចំនួន ២៧នាក់ ស្រី ០៦នាក់ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ កន្លងមកវិទ្យាស្ថាន បានរៀបចំសិក្ខាសាលា ដើម្បីបង្ហាញណែនាំពីទិដ្ឋភាពទូទៅនៃតួនាទីរបស់ ICT ក្នុងការបង្រៀន ការរៀន ការគ្រប់គ្រង និងការ កំណត់វិសាលភាពពីតំបន់សំខាន់ៗសម្រាប់ការរួមបញ្ចូល (ICT) បង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ និងធនធានដើម្បីកំណត់អត្តសញ្ញាណសំខាន់ៗ សេចក្តីព្រាងសៀវភៅណែនាំសុវត្ថិភាពឌីជីថល ដើម្បីការអភិវឌ្ឍសៀវភៅសម្រាប់ការពារទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិតតំណភ្ជាប់។
លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានថ្លែងអំណរគុណ ដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយគាំទ្រទាំងធនធានថវិកា និងសម្ភារៈ សម្រាប់បម្រើដល់ការប្រើប្រាស់ ICT ក្នុងវិទ្យាស្ថាន។ បច្ចុប្បន្នដោយសារបច្ចេកវិទ្យា ICT មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសជួយសម្រួលដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំកាយ និងកីឡា។
លោកប្រធានក៏បានស្នើសុំដល់សិក្ខាកាមទាំងអស់សូមចូលរួម ដោយសកម្មក្នុងការបង្កើតឯកសារណែនាំពីការប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់ប្រើប្រាស់ក្នុងវិទ្យាស្ថានអប់រំកាយ និងកីឡា។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរ គុណ កោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានសហការជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយគុណភាព ស្របនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែ ទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសសរ ទ្រូងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ៕