អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» ដែលបានចាប់ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ទទួលបានការសាទរ និងចូលរួមយ៉ាងច្រើនផុសផុល ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបេក្ខជន បានចូលរួមប្រកួតប្រជែង ដោយផ្ទាល់ចំនួន១២២០អង្គ/នាក់។ ខណៈព្រឹត្តិការណ៍«សំណេរអង្គរ»នេះត្រូវបានចាត់ទុកលើសពីការប្រកួតប្រជែងយកជ័យលាភី ប៉ុន្តែបានបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗ ចំពោះការចូលរួមចំណែកថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិ។
តទៅនេះសូមលោកអ្នកនាងតាមដានស្ដាប់ និងទស្សនា បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ស្តីពី៖ «សំណេរអង្គរ» លើសពីការប្រកួតប្រជែងយកជ័យលាភី ប៉ុន្តែបានបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗ ចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិ ដូចតទៅ!
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
បន្ទាប់ពីឆ្លងកាត់ការចូលរួមប្រកួតប្រជែងសរសេរតាមអានជាសាធារណៈ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥មក នៅពេលរសៀល ក្រោយគណៈកម្មការធ្វើការកែវិញ្ញាសាប្រឡងរួច បានរកឃើញលទ្ធផលបេក្ខជន បេក្ខនារី ម្ចាស់ជ័យលាភី សម្រាប់បេក្ខជនអាយុ១៩ឆ្នាំឡើងទៅចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន បេក្ខជន ជា សាវី ជាគ្រូបង្រៀន មកពីខេត្តសៀមរាប ជាប់ជ័យលាភីលេខ១។ ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង ជាប់ជ័យលាភីលេខ២។ បេក្ខនារី យុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ៣។ ដោយឡែកបេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន បេក្ខនារី រ៉េន វត្ថនា ជាប់ជ័យលាភីលេខ១ មកពីខេត្តកណ្ដាល។ បេក្ខជន កឿន ពុទ្ធិរតន៍ ជាប់ជ័យលាភីលេខ២ មកពីខេត្តព្រៃវែង។ បេក្ខជន ណែត ស៊ីដា ជាប់ជ័យលាភីលេខ៣ មកពីខេត្តសៀមរាប។
ក្នុងចំណោមបេក្ខជនជាង១ពាន់នាក់ លោក ជា សារី ជាគ្រូបង្រៀន នៅវិទ្យាល័យ ១០មករា១៩៧៩ ក្នុងក្រុងសៀមរាប បេក្ខជនជាប់ជ័យលាភីលេខ១ ពីការប្រកួតប្រជែងសរសេរតាមអានជាសាធារណៈ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងពេញចិត្តចំពោះការប្រឡងប្រជែងសរសេរតាមអានជាសាធារណៈបែបនេះ។ លោកថា៖ គណៈកម្មការនិពន្ធតាក់តែងអត្ថបទសំណេរបានយ៉ាងល្អប្រសើរ សូម្បីការប្រើពាក្យពេចន៍ជាភាសាខ្មែរ និងភាសាបាលីជាច្រើនក្នុងអត្ថបទ អាចធ្វើឱ្យបេក្ខជន មានការភាន់ច្រឡំ ឬពិបាកក្នុងការសរសេរជាដើម។
សំឡេងទី១« ខ្ញុំពេញចិត្តនឹងការប្រឡងប្រជែងផ្សេងៗ ដូចជា ទិវាអំណានជាតិ ការសរសេរស្នាដៃអីផ្សេងៗក៏ខ្ញុំចូលរួម ខ្ញុំធ្លាប់បានជ័យលាភីដែរ ហើយការប្រឡងថ្នាក់ខេត្តអីក៏ខ្ញុំចូលរួមដែរ ព្រោះខ្ញុំក៏ជាអតីតសិស្សពូកែពីវិទ្យាល័យមកដែរ អ៊ីចឹងឱ្យតែមានកម្មវិធីប្រឡងមិនត្រឹមតែខ្លួនឯងទេ សូម្បីខ្ញុំបង្រៀន ក៏ជំរុញលើកទឹកចិត្តកូនសិស្សឱ្យមកដែរ មានកូនសិស្សពីខាងអង្កការដែលខ្ញុំដឹកនាំមកដែរ មានជាប់ជ័យលាភីដួងចិត្តបាន២ទៅ៣នាក់ដែរ។ ខ្ញុំជាគ្រូម្នាក់ ហើយជាតួអង្គដែលចូលរួមបំផុសឱ្យយុវជន និងកូនសិស្សទាំងឡាយ ជាសិស្សក្តី ជានិស្សិតក្តីដែលខ្ញុំបានបង្រៀនចូលរួមប្រកួតប្រជែងប្រឡង ហើយលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានល្អប្រសើរ នេះជាទឹកចិត្តរបស់ខ្ញុំ។ ឆ្នាំនេះសម្រាប់ទឹកចិត្តរបស់ខ្ញុំដែលចូលរួម ហើយមានលទ្ធផលនេះ ប្រាកដជាមានមោទនភាពហើយ»។
ដោយមិនបានរំពឹងទុកជាមុនថា អាចជាប់ជ័យលាភី ដោយសារតែមានបេក្ខជនចូលរួមច្រើន បេក្ខនារី រ៉េន វត្ថនា បេក្ខជនអាយុ១៨ឆ្នាំចុះក្រោម ជាប់ជ័យលាភីលេខ១ មកពីខេត្តកណ្ដាល បានឱ្យដឹងថា៖ ប្អូនពិតជាមានអារម្មណ៍រំភើបក្រៃលែងចំពោះសមិទ្ធផលនៃការខិតខំរបស់ខ្លួន។ ប្អូនស្រីពិតជាថ្លែងអំណរគុណដល់ស្ថាបនិកអក្សរសាស្ត្រខ្មែរទាំងអស់ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង អាចឱ្យយុវជន យុវនារីបញ្ចេញសមត្ថភាព និងជាឱកាសមួយក្នុងការលើកស្ទួយអក្សរសាស្ត្រជាតិ។
សំឡេងទី២« មានបេក្ខជនជាច្រើនដែលគាត់មានសមត្ថភាព អ៊ីចឹងខ្ញុំគិតថាជ័យលាភីហ្នឹងប្រហែលខ្ញុំមិនបានទេ តែចៃដន្យអីខ្ញុំទទួលបានចំណាត់ថ្នាក់អក្សរស្អាត និងជ័យលាភីលេខ១ទៀត នេះជាសមិទ្ធផលរបស់ខ្ញុំមួយដែលខ្ញុំសប្បាយចិត្ត ហើយរីករាយខ្លាំងមែនទែន។ ព្រឹត្តិការណ៍សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយវាជាលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានមកប្រកួតប្រជែងនៅទីនេះ។ ហើយអស្ចារ្យត្រង់ថា យើងបានមកប្រកួតប្រជែងមុខស្ពានហាលប្រាសាទអង្គរវត្ត គឺខ្ញុំរីករាយមែនទែន និយាយរួមទៅមកចូលរួមនេះក្នុងគោលបំណងជាយុវជនម្នាក់ ក្នុងការលើកស្ទួយអក្សរសាស្ត្រខ្មែរ »។
បើទោះបីមិនទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងសរសេរតាមអានជាសាធារណៈ លោក ថោង សាមាន បេក្ខជនមកពីខេត្តស្វាយរៀង បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ នេះជាលើកទី២ហើយ ដែលរូបលោកបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរ ទោះបីមិនទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែលោករីករាយណាស់ដែលបានចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ។
សំឡេងទី៣« ខ្ញុំមកលើកនេះ ជាលើកទី២ហើយ គោលបំណងរបស់ខ្ញុំនេះ ដើម្បីអភិរក្សអក្សរសាស្ត្រជាតិខ្មែរយើងហ្នឹង ដើម្បីឱ្យយើងទាំងអស់គ្នាជាខ្មែរ ស្គាល់ហើយដឹង ពីតម្លៃនៃអក្សរសាស្ត្រជាតិខ្មែរ »។ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមស្ថាបនិក និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិត និងសហការរៀបចំដោយជោគជ័យនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជាលើកដំបូងកាលពីឆ្នាំ២០២៤កន្លងទៅ ហើយបន្តរៀបចំជាលើកទីពីរនៅលើទឹកអង្គរអច្ឆរិយៈរបស់យើង។ ឯកឧត្តមថា៖ កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ»ត្រូវបានរៀបចំឡើងនៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយៈរបស់កម្ពុជា ដែលបានសបញ្ជាក់ ពីការផ្សារភ្ជាប់គ្នារវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ជំនាន់។ ខណៈសំណេរអង្គរលើកទី២នេះ មានការចូលរួមយ៉ាងច្រើនផុសផុល ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបេក្ខជនបានដាក់ពាក្យចូលរួមប្រកួតប្រជែងដោយផ្ទាល់ចំនួន១២២០អង្គ/នាក់។ទាំងនេះបានបង្ហាញពីស្មារតីស្រឡាញ់ និងលើកស្ទួយអក្សរសាស្ត្រខ្មែរ។
សំឡេងទី៤« ការចូលរួមរបស់បេក្ខជន បេក្ខនារី និងបេក្ខសាមណៈ ដែលមកពីគ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន ក្នុងកម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ បានបង្ហាញយ៉ាងច្បាស់ពីមនសិការស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ ដែលសកម្មភាពនេះ នឹងក្លាយជាចលនាជំរុញស្មារតី លើកតម្កើងវប្បធម៌ជាតិ របស់ប្រជាជនខ្មែរផងដែរ »។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ថា៖ សំណេរអង្គរ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងទទួលបានការសាទរ ពីគ្រប់មជ្ឈដ្ឋាន ក្នុងការលើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតី ប្រជាពលរដ្ឋខ្មែរគ្រប់រូបយកចិត្តទុកដាក់ កែប្រែទម្លាប់នៃការសរសេរអក្សរ និងការអានពាក្សខ្មែរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមថា៖ ការចូលរួមរបស់យើងទាំងអស់គ្នា ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាពនិងការលើកតម្កើង អក្សរសាស្ត្រដ៏ប្រណិត ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ដូចមានឆ្លាក់ក្នុងសិលាចារឹកជាសក្ខីភាពស្រាប់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានបង្ហាញ និងលើកទឹកចិត្ត ឱ្យរៀបចំព្រឹត្តិការណ៍សំណេរអង្គរនេះឡើង ក្នុងគោលដៅបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗ ចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិ។ ខណៈក្រសួងអប់រំយល់ថា ការពង្រឹងការអាន និងសរសេរភាសាខ្មែរ តាំងពីកម្រិតដំបូងពិតជាមានសារៈសំខាន់ ក្នុងការចាប់យកមូលដ្ឋានគ្រឹះនៃការសិក្សាគ្រប់កម្រិត។
សំឡេងទី៥« ការពង្រឹងការអាន និងការសរសេរអក្សរខ្មែរ តាំងពីកម្រិតដំបូង ជាមូលដ្ឋានគ្រឹះនៃការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាបាននូវជោគជ័យ ក្នុងការសិក្សាគ្រប់កម្រិត។ ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ឱ្យអនុវត្តឡើងវិញ នូវការសរសេរតាមអាន នៅតាមគ្រឹះស្ថានសិក្សា និងបានកំពុងអនុវត្តយ៉ាងសកម្មតាំងពីឆ្នាំ២០១៩ នូវកញ្ចប់អំណានដំបូង ដែលជាយុទ្ធសាស្រ្តកំណែទម្រង់ដ៏មុតស្រួច ដូចសម្តេចមហាបវរធិបតី បានអនុវត្តនៅតាមគ្រឹះស្ថានសិក្សា។ការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ ក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិសេសអ្នកចូលចិត្តនិយមសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាព ការសរសេរបានត្រឹមត្រូវ តាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទ ឱ្យបានច្បាស់ ទាំងអស់នេះជាបំណិនយ៉ាងសំខាន់ក្នុងការសរសេរអក្សរខ្មែរ »។
លោកអ្នកនាងជាទីមេត្រី!
ម្ចាស់ជ័យលាភីក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ នៅស្ពានហាល ប្រាសាទអង្គរវត្ត ដែលរួមមាន ៖(១) បេក្ខជនអាយុ១៩ឆ្នាំឡើងទៅចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១) ៖ បេក្ខជន ជា សារី មកពីខេត្តសៀមរាប។
(ជ័យលាភីលេខ ២)៖ ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង។
(ជ័យលាភីលេខ ៣)៖ បេក្ខនារី យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។
(២) បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១)៖ បេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។
(ជ័យលាភីលេខ ២)៖ បេក្ខជន គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង។
(ជ័យលាភីលេខ ៣)៖ បេក្ខជន តែន ស៊ីដា មកពីខេត្តសៀមរាប។
(៣) បេក្ខជនអាយុក្រោម១៨ឆ្នាំ ដែលបានសរសេរអក្សរស្អាតជាងគេ មានឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្ដាល និងបេក្ខជនអាយុលើស១៩ឆ្នាំឈ្មោះ អូន ប៉ី នៅខេត្តសៀមរាប។
គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ មានបេក្ខជន សរុបចំនួន ១ ២២០អង្គ/នាក់ ដែលក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ, បន្ទាយមានជ័យ៩អង្គ,រាជធានីភ្នំពេញ៦អង្គ, កំពង់ចាម៥អង្គ កណ្ដាល និងត្បូងឃ្មុំ៤អង្គ។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។
ប្រកួតសរសេរតាមអានជាសាធារណៈលើកទី២ នៅកម្ពុជា “សំណេរអង្គរ”បានដំណើរការអស់រយៈពេល១ថ្ងៃពេញ គឺថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក និងអនុវត្តនីតិវិធីនៃការប្រកួតបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់គណៈមេប្រយោគ សម្រេចបានលទ្ធផលល្អប្រកបដោយភាពរលូន មិនមានបាតុភាពអវិជ្ជមានដែលប៉ះពាល់ដល់ដំណើរការប្រកួតឡើយ ។
តាមរយៈស្មារតី និងគោលបំណងចម្បងរបស់ព្រឹត្តិការណ៍ «សំណេរអង្គរ»គឺលើកតម្កើង និងអភិរក្សអក្សរសាស្ត្រខ្មែរ អក្សរសាស្រ្តជាតិ គឺជាអត្តសញ្ញាណជាតិ។ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងក្រុមស្ថាបនិកព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» ប្តេជ្ញាថា នឹងបន្តរៀបចំព្រឹត្តិការណ៍នេះ ឱ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ដោយសំណូមពរឱ្យមានការគាំទ្រ ព្រឹត្តិការណ៍នេះ ក្លាយជាទិវាប្រឡងសរសេរតាមអានជាសាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជា៕