ក្រសួងសាធារណការ បានតភ្ជាប់និងការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសមុទ្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា

Narith | ថ្ងៃទី 24 ខែ មករា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ១ ២០២៥

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានតភ្ជាប់និងការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសមុទ្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ចំពោះការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងបានបញ្ចប់និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រ នៃកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ប្រវែង ២៥៣ម៉ែត្រ, កំពង់ផែពហុបំណងកំពត, ឃ្លាំងសន្និធិគយបណ្តោះអាសន្ន នៃចំណតផែកុងតឺន័រ LM១៧ ចំណតផែរណបពហុបំណង TS11 UM2 និង LM26 របស់ កំពង់ផែស្វយ័តភ្នំពេញ, ឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ស្ថិតក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ, និងការបើកឱ្យ ដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលកំពង់ផែនេះគ្រោង នឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ។

ឯកឧត្តម បានបន្តថា ក្រសួងក៏បាននិងកំពុងដំណើរការអនុវត្តគម្រោង រួមមាន គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោង អភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហាន១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, គម្រោង ជីកស្តារផ្លូវនាវាចរណ៍បន្ថែមនៅក្នុងខេត្តកោះកុង, គម្រោងសាងសង់នាវាសម្រាប់សិក្សាវាស់ស្ទង់ ផ្លូវទឹក, ការរៀបចំផែនការជាតិ ស្តីពីការកំណត់តំបន់អភិវឌ្ឍន៍កំពង់ផែនៅកម្ពុជា, ការចុះសិក្សា ប្រមូលទិន្នន័យ និងផលិតផែនទីនាវាចរណ៍សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងក៏បានត្រៀមអនុវត្តន៍គម្រោង រួមមាន ការសិក្សាលើគម្រោងអភិវឌ្ឍន៍ផែនការមេសម្រាប់ការដំឡើង សញ្ញាជំនួយនាវាចរណ៍តាមផ្លូវទឹកនៅក្នុងប្រព័ន្ធទន្លេមេគង្គ និងគម្រោងបូមស្តារទន្លេសាប (ភ្នំពេញ-កំពង់ឆ្នាំង) និងផ្លូវទឹកទន្លេសាប (ភ្នំពេញ-សៀមរាប)។ ដោយឡែក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែ កុងតឺន័រទឹកជ្រៅថ្មី ជំហាន២ និងជំហាន៣ និងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្លឹក និងកំពង់ផែ ស្វយ័តភ្នំពេញក៏ត្រៀមអនុវត្តគម្រោងសាងសង់ចំណតផែរណបតាមដងទន្លេចំនួន ៧ទីតាំង បន្ថែមទៀត រួមមាន ទីតាំងព្រែកក្តាម ក្រុងកំពង់ឆ្នាំង កំពង់លែង ចុងឃ្នៀស សុវណ្ណភូមិ បឹងកេត និងស្រុកឆ្លូង ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕