លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង បានលើកឡើងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង ស្រុកសង្កែ ខេត្តបាត់ដំបងគិតត្រឹមខែមករា ឆ្នាំ២០២៥ សម្រេចបាន៩៧ភាគរយហើយ និង បន្តការងារឲ្យរួចរាល់នៅ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
វិសាលភាពទំហំតំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគម្រោងទាំងមូលគឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ ព្រែកព្រះស្តេច និង សង្កាត់រតនៈ ក្រុងបាត់ដំបង។ ដោយឡែកសម្រាប់ ផ្ទៃដីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង ដែលមានទីតាំងនៅស្រុកសង្កែ មានទំហំ ១០,០២ ហិកតា ជាមួយនឹងតាមផែនការគ្រោងទុក ប្រព័ន្ធទាំងមូលនឹងត្រូវអោយបំរើការក្នុងរយះពេល ២០ ឆ្នាំ។
បច្ចុប្បន្ន ការងារអនុវត្តន៏នៃវឌ្ឍនភាពសាងសង់សម្រេចបាន ៩៧ភាគរយ ដោយកន្លមកបានអនុវត្តការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ រួមមានការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ ចំនួន ៤៥៦០ ទីតាំង, ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមអគារពាណិច្ចកម្ម ចំនួន ១៧១ ទីតាំង និងសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន ៤០០ ទីតាំង។ លោក សែម ចិន្តា បានបន្តថាឲ្យដឹងថា ចំពោះការកប់បណ្តាញទុយោប្រមូលទឹកកខ្វក់ ដោយប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ដែលមានជម្រៅ២ម៉ែត្រទៅ៦ម៉ែត្រ ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ និង ប្រព័ន្ធទុយោរងសំរាប់ប្រមូលទឹកកខ្វក់តាមផ្ទះ ដែលមានជម្រៅ១ម៉ែត្រទៅ២ម៉ែត្រ ប្រវែងសរុប ៥៥.៧ គីឡូម៉ែត្រ។ ក្រៅពីនេះ រួមមានការងារកប់បណ្ដាញដោយប្រើសម្ពាធរុញ , សាងសង់ស្ថានីយបូមទឹកកខ្វក់ , សាងសង់អាងប្រព្រឹត្តទឹកកខ្វក់ , សាងសង់ផ្លូវបេតុងចូលទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ។
លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងបាន បញ្ជាក់ថា គម្រោងនេះគឺពិតជាមានអត្ថប្រយោជន៍ សម្រាប់ការញែកទឹកកខ្វក់ឲ្យដាច់ដោយឡែកនៅពេលគម្រោងរួចរាល់១០០ភាគរយ។ យ៉ាងណាមិញ ដោយសារនាពេលកន្លងមក ទឹកលូ បង្គន់ គឺជាប្រភេទទឹកកខ្វក់ និង ទឹកភ្លៀង គឺត្រូវហូរចូលក្នុងស្ទឹងតាមប្រព័ន្ធតែមួយ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ សុខភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។
ដូច្នេះនៅពេលដែលគម្រោងសាងសង់រួចរាល់ នឹងបង្កលក្ខណៈងាយស្រួលចំពោះការញែក និង បញ្ចៀសទឹកកង្វក់ហូរចូលក្នុងស្ទឹង ហើយនឹងមានអត្ថប្រយោជន៍ក្រោយពីប្រព្រឹត្តកម្មទឹកកខ្វក់បានច្រោះស្អាត ដែលប្រែជាទឹកមានគុណភាព អាចឲ្យប្រជាពលរដ្ឋស្រោចស្រពដំណាំស្រែការបាន ដោយហូរចេញពីដំណើរការចម្រោះហូរចេញពីប្រព័ន្ធប្រឡាយ នៃស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង។
អត្ថបទ ហ៊ាន វាសនា មន្ទីរព័ត៌មានខេត្តបាត់ដំបង