អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណ។ ជាក់ស្តែង នៅព្រហាមស្រាងៗនាថ្ងៃ១២កើត ខែមាឃ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មនុស្សម្នាយ៉ាងច្រើនកុះករ មកពីទីជិតឆ្ងាយផង បានមកប្រមូលផ្តុំគ្នានៅត្រពាំងបុរាណមួយ នាសហគមន៍ភូមិបង្កោង ដើម្បីធ្វើពិធីចាប់ត្រីរួមគ្នា មុនថ្ងៃបុណ្យឡើងមាឃឬឡើងអ្នកតា ដែលពិធីនេះគឺជាការរក្សាឱ្យបាននូវទំនៀមទម្លាប់ពីបុរាណមកកុំឱ្យបាត់បង់។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយកន្លែង ដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីទុក មិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស នៃពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ កាលដើមឡើយ អ្នកដែលមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។
អ្នកស្រី ស៊ុន មានអាយុ៣៦ឆ្នាំ ប្រជាសហគមន៍ភូមិបង្កោង បានឱ្យដឹងថា៖ ឱ្យតែដល់ថ្ងៃប្រារព្ធពិធីចាប់ត្រីរួមគ្នា អ្នកភូមិដែលរស់នៅ ឬប្រកបការងារនៅទីឆ្ងាយៗ ក៏បានវិលត្រឡប់មកលំនៅឋានវិញ ដើម្បីជួបជុំគ្នាចាប់ត្រីនៅត្រពាំងបុរាណនេះ យកត្រីធ្វើជាម្ហូបអាហារឬទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃក្នុងសហគមន៍។ អ្នកស្រីថា៖ ពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ បានដក់ជាប់ក្នុងដួងចិត្តបងប្អូនក្នុងភូមិគ្រប់ៗគ្នា ព្រោះនេះជាទំនៀមពីបុរាណមក តែងរួមគ្នាប្រារព្ធមិនដែលខកខានឡើយ។ ទាំងនេះ ក្នុងន័យបន្តថែរក្សាមរតកវប្បធម៌អរូបីមិនឱ្យបាត់បង់ ត្បិតអីនៅឆ្នាំនេះ មានបងប្អូនអ្នកខាងក្រៅមកចូលរួមចាប់ត្រីយ៉ាងច្រើនកុះករ។
សំឡេងទី១« មនុស្សច្រើនពេក ច្រើនជាងសព្វមួយឆ្នាំ ប្រហែលមានអ្នកស្រុកឆ្ងាយចូលច្រើនជាងរាល់ឆ្នាំ ព្រោះមនុស្សច្រើន។ ខ្ញុំធំដឹងក្តីមកគេធ្វើរហូត ពីត្រឹមណាមកមិនដឹង ដឹងតែគេនាំគ្នារហូត គេឡើងមាឃ គេចាប់ត្រីដើម្បីធ្វើបុណ្យក្នុងភូមិរួមគ្នា យើងចាប់បានរៀងៗខ្លួនអ៊ីចឹង យកទៅផ្ទះធ្វើទឹកនំបញ្ចុកដើម្បីព្រឹកឡើងយកទៅជុំគ្នានៅសាលាឆទានក្នុងភូមិ។ ចង់ឱ្យថែរក្សាទាំងអស់គ្នា ដើម្បីចាប់រួមគ្នា ធ្វើបុណ្យរួមគ្នា មួយឆ្នាំមានម្តង »។
ចំណែកលោក ឈា ឃីម ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប មកទស្សនាពិធីចាប់ត្រីនៅត្រពាំងបុរាណនាសហគមន៍ភូមិបង្កោង បានស្ងើចសរសើរបងប្អូនក្នុងសហគមន៍នេះ ដែលនៅតែបន្តថែរក្សាប្រពៃណីពីបុរាណមួយនេះ មកដល់សព្វថ្ងៃ។ លោកថា៖ ពិធីចាប់ត្រីរួមគ្នានេះ បានបង្ហាញពីស្មារតីរួមសាមគ្គីគ្នារបស់សហគមន៍ ជាពិសេសឆ្លុះបញ្ចាំងឱ្យឃើញ ពីការបន្តថែរក្សាទំនៀមទម្លាប់ដ៏ផូរផង់ពីបុរាណមិនឱ្យបាត់បង់។ខណៈ ពិធីនេះក៏បានផ្តល់ភាពសប្បាយរីករាយ ប្លែកភ្នែកដល់ទេសចរជាតិ និងអន្តរជាតិ បានទស្សនានិងឈ្វេងយល់ពីប្រពៃណីវប្បធម៌ពីបុរាណរបស់ខ្មែរ។
សំឡេងទី២« សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ គឺសប្បាយចិត្ត និងប្លែកខ្លាំងមែនទែន ដែលឃើញមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន មួយទៀតគឺជាការផ្សព្វផ្សាយ ឱ្យកាន់តែមានទេសចរកាន់តែកើនឡើង ក្នុងប្រទេសយើង។ ចំពោះពិធីនេះ ខ្ញុំចង់ឱ្យមានជារៀងរាល់ឆ្នាំ ជាបន្តបន្ទាប់តរៀងទៅ ដោយដាយសារតែវាបានបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរយើងតាំងពីដូនតាមក »។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា៖ ទិន្នផលត្រីសម្រាប់ឆ្នាំនេះ ហាក់មិនខុសប្លែកពីឆ្នាំមុនប៉ុន្មានឡើយ ពោលគឺជាមធ្យមចំនួនប្រហែល២តោន ដែលពលរដ្ឋចាប់បានរួមគ្នាសម្រាប់ទទួលទាន ឬធ្វើជាម្ហូបអាហារក្នុងពិធីឡើងមាឃនៅថ្ងៃបន្ទាប់។ លោកថា៖ នៅព្រឹកព្រលឹមស្រាងៗ ពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រី ជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង ជាឱបករណ៍នេសាទពីបុរាណ បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅវេលាម៉ោង៧ព្រឹក ដែលមានការបាញ់កាំជ្រួចធ្វើជាសញ្ញា។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែង ក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។
សំឡេងទី៣« ធ្វើនេះមកយូរហើយ តាំងពីមេភូមិមុនមកតែគាត់ទប់អត់ឈ្នះ ប្រជាពលរដ្ឋនៅតែលួចឆក់ លួចបង់ ដល់ខ្ញុំជាប់ជាមេភូមិមកត្រឹមឆ្នាំ២០០៦ តាំងពី២០០៦មកខ្ញុំចេះតែរៀបចំបណ្តើៗមកធ្វើអត់ឈ្នះដែរ ទើបខ្ញុំបង្កើតជាគណៈកម្មការភូមិ ដោយជ្រើសរើសអ្នកសកម្មក្នុងភូមិប្រហែល១០នាក់សហការគ្នា ដើម្បីការពារ។ បានមកដល់ត្រឹមឆ្នាំ២០០៩ ឆ្នាំ២០១០មកចាប់ផ្តើមការពារបាន មករហូត។ ក្នុងថ្ងៃនេះ ថ្ងៃទី៩ យើងចាប់ត្រីនៅត្រពាំង ថ្ងៃទី១០យើងទៅប្រារព្ធពិធីឡើងមាឃ ហៅថាបុណ្យភូមិ ឬបុណ្យឡើងមាឃ សម្រាប់ទំនៀមទម្លាប់ដូនតាយើងហៅថា ឡើងមាឃៗនោះ ហើយដល់ថ្ងៃទី១១នោះបានយើងបញ្ចប់កិច្ចពិធីបុណ្យក្នុងភូមិ »។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា៖ ប្រាសាទបាគង គឺជាស្រុកដែលសម្បូរទៅដោយមរតកវប្បធម៌ បន្សល់ទុកពីដូនតាមក ត្រូវបានអភិរក្ស ថែរក្សាមកដល់សព្វថ្ងៃ។ ជាក់ស្តែងដូចជា៖ពិធីចាប់ត្រីរួមគ្នា សម្រាប់បុណ្យឡើងមាឃនេះជាដើម ដែលអ្នកស្រុកតែងប្រារព្ធមិនខកខាន តាមទំនៀមរៀងៗខ្លួន ដែលបានបង្ហាញឱ្យឃើញពីសារៈសំខាន់ និងការយកចិត្តទុកដាក់ថែរក្សាឱ្យបាននូវវប្បធម៌ ប្រពៃណីរបស់ដូនតាខ្មែរមិនឱ្យបាត់បង់។
សំឡេងទី៤« ព្រឹត្តិការណ៍នេះយើងមានសារៈសំខាន់៣ ទី១.ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់យើងជាប្រចាំ ជារៀងរាល់ឆ្នាំ ឱ្យតែក្នុងខែមាឃគឺអ្នកស្រុកនៅតំបន់អង្គរ ជាពិសេសអ្នកប្រាសាទបាគង រៀបចំពិធីបុណ្យឡើងមាឃគ្រប់គ្នា ធ្វើតាមភូមិរៀងៗខ្លួន ភូមិខ្លះមានចាប់ត្រី ភូមិខ្លះមានដង្ហែអ្នកតា ភូមិខ្លះមានអីផ្សេងៗ ចំណុចទី១គឺយើងរក្សាបាននូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាយើង។ ២. យើងចាប់ផ្តើមធ្វើការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យគាត់ឃើញអ្វីដែលយើងបានអភិរក្សនេះ ព្រោះដឹងស្រាប់ហើយ ប្រាសាទបាគងជាស្រុកមរតកវប្បធម៌ អ៊ីចឹងបច្ចុប្បន្នយើងយកវប្បធម៌របស់យើង យើងគាស់រម្លើងវប្បធម៌យើងឡើងវិញ ដើម្បីយើងផ្សព្វផ្សាយទៅភ្ញៀវជាតិអន្តរជាតិ ឱ្យគាត់មកទស្សនា ដើម្បីរកចំណូលជូនពលរដ្ឋក្នុងស្រុកយើង។ ៣.ពេលគេស្គាល់កន្លែងយើងចៀសមិនផុតពីការអភិវឌ្ឍ អ៊ីចឹងអ្វីដែលយើងបានធ្វើ គឺយើងខិតខំថែរក្សាប្រពៃណីទំនៀមទម្លាប់ ភូមិឃុំមានសុវត្ថិភាព និងបរិស្ថានជាដើម យើងចូលរួមទាំងអស់គ្នា»។
លោកបន្តទៀតថា៖ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ មកពីទីជិតឆ្ងាយ បានចូលរួមច្រើនកុះករ ប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយ និងសាទរដែលបងប្អូនក្នុងសហគមន៍ បានខិតខំថែរក្សា អភិរក្ស វប្បធម៌ដែលដូនតាបានបន្សល់ទុក។ មិនតែប៉ុណ្ណោះ រដ្ឋបាលស្រុក មានចក្ខុវិស័យវែងឆ្ងាយ ដើម្បីអភិរក្ស អភិវឌ្ឍន៍សហគមន៍នេះ ជាពិសេសអាចស្វែងរកចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ជូនទៅកាន់សហគមន៍។
សំឡេងទី៥« ពីមុនយើងធ្វើជាលក្ខណៈសហគមន៍ ប៉ុន្តែឥឡូវនេះប្រែក្លាយជាសកល ឥឡូវមកទាំងអ្នកបង្កោង អ្នកបាគង មកទាំងអ្នកសៀមរាប អ្នកភ្នំពេញ រហូតមកពីអន្តរជាតិ អ៊ីចឹងវាក្លាយជាសកលមួយហើយ អ៊ីចឹងយើងមានផែនការធ្វើយ៉ាងណាទាក់ទាញមកបន្ថែមទៀត គឺយើងបន្តលែងកូនត្រី សម្រាប់សហគមន៍យើង ហើយមុននេះខ្ញុំជួបខាងឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម លោកថានិងអញ្ជើញរដ្ឋមន្ត្រីមកលែងកូនត្រីទៀត។ ២.ពេលខែទឹកឡើងត្រីចេញទៅអស់ អ៊ីចឹងកន្លែងច្រកចេញយើងដាក់ព្រួល កុំឱ្យត្រីចេញ។ ៣.ផែនការយើង ការលែងឱ្យបានរយៈពេលវែងបន្តិច អ៊ីចឹងយើងលែងមុនពេលទឹកឡើង ឱ្យពេលលូតលាស់របស់ត្រីបានធំ យើងចាប់បានច្រើន។ មួយទៀតយើងរៀបចំបរិស្ថានរបស់យើងជុំវិញនេះ ចំណុចមួយទៀតខ្ញុំថាធ្វើម៉េចឱ្យបងប្អូនអ្នកភូមិបង្កោងយើងនេះ បានចំណូលផ្ទាល់ ទៅគាត់ អ៊ីចឹងយើងរៀបចំភូមិឃុំគាត់មានធ្វើនំបញ្ចុកអីលក់ ដើម្បីទទួលភ្ញៀវគាត់អាចបានចំណូលពីវិស័យអស់នេះ »។
លោកអ្នកនាងជាទីមេត្រី!
ពិធីចាប់ត្រីរួមគ្នានៅត្រពាំងបុរាណនាសហគមន៍ភូមិបង្កោង បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ទាក់ទាញទេសចរជាតិ រហូតដល់ភ្ញៀវបរទេសច្រើនកុះករមកទស្សនា ដើម្បីឈ្វេងយល់អំពីទំនៀមទម្លាប់ដ៏ផូរផង់នេះ។
ក្នុងនោះ ពិធីបុណ្យរៀបចំប្រចាំឆ្នាំនៅខែមាឃ គឺជាប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់មកហើយរបស់ខ្មែរ ជាពិសេសគឺអ្នកស្រុកនៅក្នុងតំបន់សៀមរាប-អង្គរ។
ដូចគេឯងនៅទូទាំងប្រទេសដែរ អ្នកស្រុកអង្គរតែងនាំគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ សុំឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ ក្នុងការធ្វើកសិកម្មឆ្នាំក្រោយ សុំឱ្យដីមានជីវជាតិទទួលបានភោគផលច្រើន ឱ្យសត្វចៀសផុតពីជំងឺ ជាពិសេសគឺបង្ហាញពីការបិទបញ្ចប់រដូវធ្វើកសិកម្មកាលពីឆ្នាំមុន។
តាមប្រតិទិន រៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើតខែមាឃ ដែលត្រូវនឹងខែកុម្ភៈ ឬមីនា អ្នកស្រុកតែងនាំគ្នាប្រារព្ធពិធីឡើងមាឃជាទៀងទាត់ ទៅតាមលទ្ធភាពរបស់ពួកគេ មិនដែលខកខានឆ្នាំណាឡើយ។
អាចនឹងលើសពីគេបន្តិច អ្នកស្រុកអង្គរដែលបន្តមរតកពីសម័យបុរាណមក បានប្រកាន់ខ្ជាប់កិច្ចពិធីមួយនេះទៅនឹងកេរដូនតារបស់ខ្លួន គឺប្រាសាទអង្គរ។ បច្ចុប្បន្នអ្នកស្រុកអង្គរនៅមានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានេះ នៅតាមភូមិជាច្រើនដូចជា៖ ភូមិរលួស និងភូមិដូននំ(ឃុំបាគង)ភូមិបង្កោង,ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល) ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវាន់(សង្កាត់នគរធំ) ភូមិសាលាក្រវាន់(ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម(សង្កាត់ចុងឃ្នៀស)ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់(ឃុំព្រះដាក់) ភូមិស្រែចង្កូត(ឃុំរុនតាឯក)ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ (ឃុំលាងដៃ) ស្រុកអង្គរធំជាដើម។
ពិធីនេះធ្វើឡើងនៅកន្លែងដែលជាទីតាំងប្រាសាទបុរាណ បុរាណដ្ឋាន ទីសក្ការៈប្រចាំភូមិ ដូចជា៖ នៅខ្ទមអ្នកតា នៅសាលាឆទានក្នុងភូមិ ទីទួលបុរាណ ឬវត្តអារាមជាដើម។
ទំនៀមបុរាណមួយនេះ មានលក្ខណៈខុសគ្នាខ្លះ ទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែន ដូចជា៖កន្លែងខ្លះធ្វើម្ហូបអាហារចំណីចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ កន្លែងខ្លះក៏មានពិធីចាប់ត្រីរួមគ្នានៅត្រពាំងបុរាណ។ ឯកន្លែងខ្លះទៀតទោះ ស្ថានភាពជីវភាពមិនប្រសើរ ប៉ុន្តែអ្នកស្រុកនៅតែអនុវត្តប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
តាមទំនៀមជាទូទៅអ្នកភូមិនៅតំបន់អង្គរ ធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាអាចតែមួយល្ងាច ឬអ្នកភូមិខ្លះទៀតអាចធ្វើរយៈពេលមួយយប់មួយថ្ងៃ។ ករណីខ្លះ អ្នកភូមិ រៀបចំធ្វើនំបញ្ចុកឬម្ហូបអាហារតាមផ្ទះរៀងៗខ្លួន រួចយកទៅផ្តុំគ្នានៅកន្លែងប្រារព្ធពិធី។ក្នុងកិច្ចពិធីមួយដ៏សំខាន់នៃពិធីឡើងអ្នកតា តែងមានភ្ជាប់ជាមួយនឹងកិច្ចបញ្ជូលរូប ដែលជាអ្នកស្នងរបស់អ្នកតា(ឬពិធីស្នងរូប)និងមានពិធីលេងភ្លេងប្រពៃណីយ៉ាងត្រឹមត្រូវ និងអធិកអធមផង៕