ពោធិ៍សាត់៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានពាំនាំយកនូវអំណោយមួយចំនួនទៅជូនដល់សិស្សថ្នាក់ទី១ដល់ទី៦ដែលទទួលចំណាត់ថ្នាក់លេខ១ដល់លេខ៥ប្រចាំខែមករា ឆ្នាំ២០២៥របស់សាលាបឋមសិក្សា ហ៊ុន សែន បរវង្ស ស្ថិតនៅក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក សែម ញ៉ក់ នាយកសាលាបឋមសិក្សា ហ៊ុន សែន បរវង្ស បានថ្លែងអំណរគុណដល់អង្គពាក់ព័ន្ធនានាដែលតែងបានផ្តល់ជំនួយជូនដល់សិស្សានុសិស្ស ជាក់ស្តែងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមក តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី សិស្សានុសិស្សចំនួន៤៨នាក់បានទទួលជំនួយកង់ និងសម្ភារៈសិក្សាពីមូលនិធិចិនដើម្បីការអភិវឌ្ឍជនបទ ហើយក្នុងដើមឆ្នាំ២០២៥នេះ មិត្តចិនក៏ដូចជាសប្បុរសជននានាក៏បានរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សាលា រួមជាមួយការផ្តល់ជាជំនួយលើកទឹកចិត្តដល់ការសិក្សារបស់សិស្សថែមទៀតផង។ ក្នុងឱកាសនៃការសាទរលើសមិទ្ធផលនានាដែលសាលាសម្រេចបាន រួមជាមួយស្មារតីបណ្តុះនូវគំនិតស្រឡាញ់ការសិក្សា រួមជាមួយការរួមចំណែកបង្កើនបរិមាណធនធានមនុស្សនៅនឹងមូលដ្ឋាន បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានថ្លែងថា ជានិច្ចកាល លោកជំទាវតែងបានលើកទឹកចិត្តដល់អង្គពាក់ព័ន្ធនានាក្នុងការផ្តល់ជាជំនួយជួយដល់សាលាបឋមសិក្សា ហ៊ុន សែន បរវង្ស ក្នុងស្មារតីរួមកម្លាំងជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាជន និងអាណាព្យាបាលសិស្សានុសិស្សក្នុងការបង្កើនកម្លាំងចលករដល់ថ្នាលបណ្តុះបណ្តាលនេះ។ ក្នុងឱកាសផ្តល់អំណោយដល់សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ លោកជំទាវបានមានប្រសាសន៍ថា អំណោយនាថ្ងៃនេះគឺជាការរួមចំណែកជាមួយអាណាព្យាបាលសិស្សក្នុងការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សក៏ដូចជាបង្កើនកម្លាំងស្លាបអនាគតដល់សិស្សានុសិស្សក្នុងការចាប់យកឱកាសដ៏ល្អដែលខ្លួនបានរស់នៅក្នុងម្លប់សុខសន្តិភាពនៃសករាជតេជោ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលគ្រប់ៗអាណត្តិ ហើយនៅក្នុងអាណត្តិទី៧នេះ គោលនយោបាយបញ្ចកោណដំណាក់កាលទី១បានផ្តល់កាលានុវត្តភាពដ៏ច្រើនដល់ការអភិវឌ្ឍមូលធនមនុស្ស។ តំណាងសិស្សានុសិស្សដែលទទួលបានជ័យលាភី កុមារីឈ្មោះ អោ ស្រីពៅ រៀនថ្នាក់ទី៦ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងខែមករា ឆ្នាំ២០២៥ បានថ្លែងថា កុមារីមានមោទកភាពលើការសិក្សា ហើយនឹងយកបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាគំរូនៃកិច្ចប្រឹងប្រែងសិក្សារៀនសូត្ររបស់ខ្លួនដើម្បីឈានឆ្ពោះទៅកាន់មាគ៌ានៃអ្នកស្រាវជ្រាវជាន់ខ្ពស់ជាស្រ្តីមួយរូបរបស់ជាតិនាពេលអនាគត។ ពាក្យទូន្មានរបស់បណ្ឌិតសភាចារ្យ ខ្លូត ធីតា ក្នុងពេលដែលលោកជំទាវបានដាំដើមផ្កាជានិម្មិតរូបនៃកិច្ចបង្កើនការសិក្សារបស់សិស្ស បានក្លាយជាបុព្វបទ ជាកម្លាំងចលករ ជាត្រីវិស័យតម្រង់ទិសដល់កុមារីក្នុងការបោះជំហានយ៉ាងស្វាហាប់ក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍខ្លួនជាបញ្ញវន្តជាតិមួយរូបផងដែរ៕