សម្តេចបវរធិបតីថ្លែងថា ជាតិនិយម ការស្រលាញ់ជាតិត្រូវតែមាន
វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។
និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមចំណែកកសាងជាតិជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើត ចេញពីអង្គការ ក្នុងស្រុកមួយបណ្តុះបណ្តាលជំនាញវគ្គខ្លី ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២។ អង្គការ អាស៊ី អឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០១២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជន ដែលបានបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនមុនគេបង្អស់ ទទួលការគាំទ្រពីក្រសួង អប់រំ យុវជននិងកីឡា និងស្ថានទូតចិនប្រចាំនៅកម្ពុជា៕