វិទ្យុជាតិកម្ពុជា ឈួន សំអាត 19-02-2025
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមជាមូយនិយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គម កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែមានប្រសិទ្ធភាពនិងងាយស្រួលបន្ថែមទៀត។
អនុស្សរណៈយោគយល់គ្នាខាងលើនេះបានចុះហត្ថ លេខាដោយ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម។
តាមរយៈអនុស្សរណៈនេះ គឺជាការបោះ ជំហានថ្មីមួយទៀត សំដៅលើកកម្ពស់យន្តការនៃការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែមានភាពងាយស្រួល សម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និង កាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការសម្រុះសម្រួល ដោះស្រាយបញ្ចប់វិវាទរបស់ខ្លួនឱ្យបានឆាប់រហ័ស។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា កន្លងទៅនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នមួយចំនួន រួចមកហើយ រួមមាន៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម, រដ្ឋបាលខេត្តកណ្តាល, បាត់ដំបង កំពង់ឆ្នាំងនិងកំពង់ធំ។ អនុស្សរណៈទាំងនេះ ស្ថាប័នទាំងអស់ អាចយកវិវាទដែលខ្លួនបាន សម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលស្គាល់ និង រៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដូចករណីវិវាទ ដែលបានដោះស្រាយបញ្ចប់ ក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាថា វិវាទដែលត្រូវបានផ្សះផ្សាបញ្ចប់ជាស្ថាពរ ហើយកំណត់ ហេតុដែលធ្វើឡើងដោយស្ថាប័នទាំងនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ ហើយនឹងមិនលាប់ឡើងវិញឡើយ ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ជាទិសដៅទៅមុខអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នឹងបន្តធ្វើការងារនេះ ជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្តដទៃទៀត ដើម្បីបន្តជំរុញ និងលើក កម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបន្ថែមថា សម្រាប់អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបើកច្រកឱ្យនិយ័តករមូលបត្រកម្ពុជា និង និយ័តករសន្តិសុខសង្គម អាចយកវិវាទដែលខ្លួន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ ដោយជោគជ័យក្នុងក្របខ័ណ្ឌនៃដែន សមត្ថកិច្ចរបស់និយ័តករនីមួយៗ ដាក់ជូនមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរៀបចំចេញជាកំណត់ហេតុ ព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពដូចការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ដោយត្រូវគោរពតាមបែបបទ និង នីតិវិធីដែលបានព្រមព្រៀងគ្នា។
លោកបណ្ឌិត ជិន ម៉ាលីន ជឿជាក់ថា ការចុះអនុស្សរណៈនេះ នឹងរួមចំណែកលើក កម្ពស់ការដោះស្រាយវិវាទជូនក្រុមហ៊ុនឯកជន និងវិនិយោគិន ក៏ដូចជា ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា ព្រមទាំង សមាជិកទាំងឡាយនៃរបបសន្តិសុខសង្គម ដែលរួមមានៈ មន្ត្រីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ៕