វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២១.០២.២០២៥
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូននៃខេត្តព្រះសីហនុ បានប្តេជ្ញាបន្តថែរក្សានិងពង្រីកការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្តថ្មីៗនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីធ្វើឱ្យខេត្តមួយនេះមានការរីកចម្រើនលើវិស័យសាធារណការ ជាពិសេសដើម្បីធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវិទ្យុជាតិកម្ពុជា ថា ដើម្បីឆ្លើយតបទៅនឹងការចាត់ តាំងនិងការពេញចិត្តរបស់ថ្នាក់ដឹក នាំ លោកបានដាក់ចេញនូវផែនការនិងកំណត់ទិសដៅការងារអាទិភាពមួយចំនួន ដើម្បីធ្វើឱ្យហេដ្ឋារចនា សម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុមានភាពល្អប្រសើរជាងមុន ជាពិសេសឈានទៅសម្រេចនូវចក្ខុវិស័យនិងទិសដៅការងាររបស់ក្រសួង ក៏ដូច ជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ ។
លោកបានបន្តថា សម្រាប់ការងារចំពោះមុខ គឺការថែទាំស្នាដៃរបស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុគ្រប់ជំនាន់ដែលបានកសាងកន្លងមក ដោយបន្តថែរក្សានិងពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗនិងប្លែកៗ ។ ការពង្រឹងវិន័យរបស់មន្ត្រីរាជការឡើងវិញ ដោយមានន័យថា ត្រូវពង្រឹងនិងបំពេញបន្ថែមទៅលើសមត្ថភាពរបស់មន្ត្រី ធ្វើយ៉ាងណាឱ្យមន្ត្រីទាំងអស់អនុវត្តន៍ការងារតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះ ក៏មានការផ្តោតសំខាន់ទៅលើការរៀបចំផែនការមេពិនិត្យឡើងវិញទៅលើប្រព័ន្ធចម្រោះទឹកកខ្វក់ ជួសជុលនិងថែទាំខ្សែផ្លូវមួយចំនួន ការចុះពន្យល់ណែនាំទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ។
« ទីមួយគឺយើងរៀបចំផែនការមេពិនិត្យមើលឡើងវិញអំពីប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលយើងកំពុងមាន ដើម្បីពង្រឹងធ្វើយ៉ាងណាចៀសវាងនិងកាត់បន្ថយទឹកកខ្វក់កុំឱ្យហូរចូលទៅក្នុងទឹកសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ ។ ទី២ ផ្លូវនិងចិញ្ចើមផ្លូវដែលយើងឃើញថាមានការខូចខាតដោយសារបងប្អូនចតរថយន្តធ្វើឱ្យបែកការ៉ូឡា យើងនឹងរកមធ្យោបាយដើម្បីជួសជុលឡើងវិញ ទី៣ គម្របលូដែលបែកលើចិញ្ចើមផ្លូវដែលមានបញ្ហា យើងនឹងរៀបចំចាត់ចែងថែទាំឡើងវិញទៅតាមលទ្ធភាពនិងសមត្ថភាពដែលមាន យើងរៀបចំចាត់ចែងជួសជុលនិងថែទាំផ្លូវដែលមានស្រាប់ជាថវិកាជាតិ ដូច្នេះយើងមានថវិកាថ្នាក់ក្រោមជាតិនិងថវិកាជាតិ ដែលត្រូវផ្តល់ឱ្យទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងបន្តរៀបចំចាត់ចែងថែទាំសួនដែលមាននៅតាមផ្លូវ ដើម្បីរក្សាសោភ័ណភាពឱ្យកាន់តែប្រសើរ ។ ហើយយើងក៏បានរៀបចំចាត់ចែងពន្យល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យគាត់ស្រឡាញ់ច្បាប់ចរាចរណ៍ផ្លូវគោក កុំឱ្យគាត់គោរពបុគ្គលជានគរបាលសមត្ថកិច្ច គឺឱ្យគាត់គោរពច្បាប់ដោយខ្លួនឯង បានន័យថា គាត់គោរពច្បាប់ គឺគាត់ស្រឡាញ់ជីវិតខ្លួនឯង កុំឱ្យលុះត្រាតែឃើញប៉ូលិសទើបឈប់ភ្លើងស្តុប ហើយនៅពេលដែលគ្មានប៉ូលិសគឺមិនគោរពច្បាប់ ដូច្នេះសូមឱ្យគាត់ស្រឡាញ់ជីវិតរបស់គាត់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា » ។
ក្នុងនោះ លោកប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ក៏បានស្នើឱ្យអាជីវករដែលធ្វើអាជីវកម្មដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សូមរួមគ្នាគោរពច្បាប់ផ្លូវថ្នល់ ព្រោះផ្លូវគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយបានចំណាយយ៉ាងច្រើនក្នុងការសាងសង់ ព្រោះប្រសិនបើអ្នកប្រើប្រាស់ផ្លូវមិនចូលរួមថែរក្សាទេនោះ នឹងធ្វើឱ្យផ្លូវឆាប់ខូចខាត ។ ដូច្នេះដើម្បីតបស្នងគុណកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល ក៏ដូចជាតបស្នងសងគុណដល់អ្នកខិតខំកសាងផ្លូវថ្នល់ គឺសូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ៕