វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៧ ០២ ២៥
ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតច្បាប់ចំពោះក្រុមជ្រុលនិយមដែលមិនទទួលស្គាល់សន្ដិភាពនៅកម្ពុជា ដើម្បីទប់ស្កាត់នូវមនោគមន៍វិជ្ជាជ្រុលនិយម និងការវិលត្រឡប់នៃរបបខ្មៅងងឹតនេះឡើងមកវិញ ខណៈដែលពួកគេនូវតែមានមហិច្ចតានយោបាយបដិសេធអំពីការសម្លាប់រង្គាល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ដោយកិច្ចប្រជុំកំពូល ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធពិភពឥស្លាម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយនយោបាយឈ្នះឈ្នះ បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញ និង ធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើននិង ប្រកបដោយសុខដុមរមនា រួមទាំងបើកសិទ្ធសេរីភាពជាច្រើនទៀតផងដែរ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនបានបដិសេធអំពីការកាប់សម្លាប់រង្គាល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានឈានទៅបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
សម្តេចធិបតីបានបន្ថែមថា លទ្ធិជ្រុលនិយមគឺជាសត្រូវនៃសុខុមរម្យនា និងសន្ដិសហវិជ្ជមាននៅក្នុងសង្គម ជាក់ស្ដែងគ្មានសង្គមណាមួយ ដែលគ្មានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និងសាសនានោះទេ ហើយសង្គមដែលទាមទារភាពបរិសិទ្ធបែបនេះ តែងតែនាំមកនៅសោកនាដកម្ម គឺធ្វើទុក្ខបុកម្និញដោយការសងសិកគ្មានទីបញ្ចប់ និងអាក្រក់បំផុតដែលរុញច្រានទៅបោសសម្អាតជាតិសាសន៍។
ជាមួយគ្នានេះ ពិភពលោកពិតជាមានមេរៀនជាច្រើនរាប់មិនអស់ អំពីសោកនាដកម្មដែលមានឬសគល់ចេញពីលទ្ធិជ្រុលនិយម និងបូករួមជាមួយអ្វីដែលកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសប៉ុល ពត។
សំឡេង«ជាក់ស្ដែងក្រុមជ្រុលនិយមបាន…………
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបន្ដថា ការជំរុញសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនតែរាជរដ្ឋាភិបាលអាចធ្វើបានតែម្នាក់ឯងបាននោះឡើយ ។ ជាពិសេស ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និងការចូលរួមសហការជំរុញ កិច្ចសន្ទនាអន្ដរសាសនាគ្មានការរើសអើង និងគ្មានលទ្ធិជ្រុលនិយម គឺជាកត្ដាគាំទ្រដ៏សំខាន់ ដើម្បីគាំទ្រការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធានាបាននូវសុខុមរម្យនា និងសន្ដិសហវិជ្ជមានរបស់សង្គមជាតិដោយមានភាពចម្រុះ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕