វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ កុម្ភៈ ២០២៥
MC៖ រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងថា ក្រសួងអប់រំ បានបញ្ចប់ជាស្ថាពរនូវការវិភាគមុខងារ និងបានកែសម្រួលរចនាសម្ព័ន្ធឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការថ្លែងបែបនេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បានបញ្ចប់ជាស្ថាពរ ការវិភាគមុខងារ និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ ក្រសួងឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្រសួងបានពិនិត្យលើវិសេសភាព និង មុខងាររបស់អង្គភាព ដើម្បីរៀបចំបញ្ជីមុខតំណែងវិជ្ជាជីវៈមន្ត្រីអប់រំ ដើម្បីគាំទ្រលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីតាមកិច្ចព្រមព្រៀង ការកំណត់មុខ តំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ។
ឯកឧត្តមបន្តថា ក្រសួងកំពុងរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន ហើយក្រសួងបានសិក្សាលើស្ថានភាពពង្រាយគ្រូបង្រៀន និងដាក់ចេញវិធានការដោះស្រាយជាក់លាក់ ដើម្បីធានាបានការផ្តល់ និងការប្រើប្រាស់បុគ្គលិកអប់រំនៅកម្រិតសាលារៀនប្រកបដោយប្រសិទ្ធភាព ជាពិសេសដាក់ចេញនូវវិធានការកាត់បន្ថយជាបណ្តើរៗចំនួនសិស្សក្នុងបន្ទប់រៀន ដើម្បីធានាគុណភាពអប់រំ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ដថា ក្រសួងបានរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ ដោយផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន អ្នកដឹកនាំ និងគ្រប់គ្រង អ្នកស្រាវជ្រាវ និងអ្នកវាយតម្លៃអប់រំ ព្រមទាំងបង្កើតយន្តការសម្រាប់តម្រង់ទិសការងារ ការចុះជួយបង្វឹកការងារ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំផងដែរ។ ក្រសួងអប់រំ បានអនុម័តរួចហើយនូវក្របខណ្ឌគោលនយោបាយស្តីពី គន្លងអាជីពគ្រូបង្រៀន និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំង ក្របខណ្ឌនិងផែនការសកម្មភាពស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀននិងនាយកសាលារៀន៕