វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៤-០៣-២០២៥
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលពហុបំណងនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់នូវបាឋកថា ដើម្បីអបអរសាទរនូវខួបគម្រប់៥០ឆ្នាំ នៃការសិក្សារបស់ឯកឧត្តមនៅក្នុងប្រទេសជប៉ុន ជូនដល់មន្រ្តីនៃស្ថានទូតជប៉ុន ថ្នាក់ដឹក នាំកម្ពុជា ព្រមទាំងនិស្សិតជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនថ្មីឆ្នាំ២០២៥ ទាំងអស់ដែលគ្រោងនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះ ទុកជាទុនសម្រាប់ការសិក្សា ការស្នាក់នៅនិងការធ្វើទំនាក់ទំនងជាមួយនិស្សិតមកពីបណ្តាប្រទេសជុំវិញពិភពលោក។
នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជាបានថ្លែងថា ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមសម្តែងនូវអំណរគុណដោយស្មោះ ចំពោះ បណ្ឌិត ម៉ី កល្យាណ ដែលបានឯកភាពផ្តល់នូវការរៀបចំបាឋកថា ដើម្បីអបអរសាទរនូវខួបគម្រប់៥០ឆ្នាំនៃការសិក្សារបស់ឯកឧត្តមនៅប្រទេសជប៉ុន ព្រមទាំងបានកោតសរសើរឯកឧត្តមចំពោះស្នាដៃដែលឯកឧត្តមសម្រេចបានមកទល់ពេលនេះ។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា “ចាប់តាំងពីឯកឧត្តមបានឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន ឯកឧត្តមបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុននិងកម្ពុជា”។ ឯកឧត្តមមានជំនឿថា ដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ហើយពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមដែលបានយកឈ្នះនូវរាល់ឧបសគ្គនានា ដែលបានជួបប្រទះ ដើម្បីឈានមកដល់ចំណុចជោគជ័យនាថ្ងៃនេះ។ ការខិតខំប្រឹងប្រែងនិងចំណង់ចំណូលចិត្តរបស់ឯកឧត្តម បានធ្វើឱ្យឯកឧត្តមក្លាយជាបុគ្គលគំរូដ៏ មានតម្លៃម្នាក់ សម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការយល់ដឹងរបស់កម្ពុជា អំពីប្រទេសជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងរវាងជប៉ុន និង កម្ពុជា នៅតែបន្តពង្រឹង ហើយការខិតខំប្រឹងប្រែងរបស់ឯកឧត្តមបានរួមចំណែកយ៉ាងសំខាន់ដែលនាំឱ្យវាមានរូបរាងឡើង។
ឯកឧត្តមបញ្ជាក់ថា បទពិសោធនិងគតិបណ្ឌិតរបស់ឯកឧត្តមនឹងក្លាយជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការសិក្សានៅបរទេសនាពេលអនាគត។ ឯកឧត្តមមានជំនឿថា ពាក្យពេចន៍ដែលជាដំបូន្មាន របស់ឯកឧត្តមនឹងជួយបំផុសគំនិតដល់លោកអ្នក ហើយជាលទ្ធផល លោកអ្នកនឹងមានភាពក្លាហានក្នុងការបោះជំហានដំបូងឆ្ពោះទៅរកការប្រឈមនិងឱកាសនៃការសិក្សារៀនសូត្រថ្មីៗ៕