ឆ្នាំ២០២៤កន្លងទៅ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ សម្រេចវឌ្ឍនភាពការងារធំៗជាច្រើន

Narith | ថ្ងៃទី 04 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ០៤.០៣.២០២៥
ក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានសម្រេចវឌ្ឍនភាពការងារធំៗជាច្រើន រួមមាន ៖ ការស្ថាបនាផ្លូវជាតិលេខ៥ឡើងវិញ គម្រោងស្ថាបនាផ្លូវជាតិលេខ១០, គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ DBSTនិងបេតុង, គម្រោងស្ថាបនាទីលានចាក់សំរាម ,ការងារថែទាំនិងជួសជុលផ្លូវថ្នល់ជាប្រចាំ ,ការចុះបញ្ជីយានយន្ត ,ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ,ផ្តល់អាជ្ញាបណ្ណយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន ,ផ្តល់បណ្ណបើកបរ ,ការងារចុះបញ្ជីយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត ,ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាដើម ។ 

លោក ភិន ណារិន អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិថា ពេញមួយឆ្នាំ២០២៤កន្លងទៅ មន្ទីរបានផ្តោតសំខាន់លើការងារ ជួសជុលថែទាំផ្លូវជាតិ និងផ្លូវខេត្តប្រភេទក្រាលកៅស៊ូ ចំនួន១៥ខ្សែ ប្រវែងសរុប ៤៣១គីឡូម៉ែត្រ និងផ្លូវក្រាលដីល្បាយថ្ម ចំនួន៤ខ្សែ ប្រវែងសរុប ៦១គីឡូម៉ែត្រ ។ជួសជុលផ្លូវខេត្តលេខ១៥៥អា និងលេខ១៥៥អា១ ប្រវែង១៦គីឡូម៉ែត្រ ដែលរងការខូចខាត ដោយសារទឹកជំនន់ សងខាងស្ទឹងពោធិ៍សាត់ ដោយលប់ក្រឡុករួចក្រាលកៅស៊ូ DBST ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ស្ថិតក្នុងក្រុងពោធិ៍សាត់ ។ជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ផ្លូវខេត្តលេខ១៥៤ ប្រវែង ៤,៣៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំវាល និងឃុំកញ្ជរ ស្រុកកណ្តៀង ។ជួសជុលផ្លូវ ដោយ Reseal DBST លើកំណាត់ផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ ១៥២H ប្រវែងសរុប ៨គីឡូម៉ែត្រ ។ស្ថាបនាស្ពានដែកបេឡេត៍ ចំនួន ២កន្លែង ,ជួសជុលស្ពានយោល ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ។
  លោកបានបន្តថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មន្ទីរក៏បានជួសជុលផ្លូវចេញ-ចូលក្រុងពោធិ៍សាត់ រវាងជាតិលេខ៥ចាស់ និង ផ្លូវជាតិលេខ៥ថ្មី ដោយក្រាលកៅស៊ូ DBST ផងដែរ ។ 
ក្នុងនោះ ក៏មានគម្រោងមួយចំនួនទៀតរបស់ដៃគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺ គម្រោងស្ថាបនាផ្លូវជាតិលេខ៥ឡើងវិញ ,គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង១៩៨គីឡូម៉ែត្រ (សំឡូត-វាលវែង-អូរសោម-កោះកុង) ក្នុងនោះឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រវែង ៩៩គីឡូម៉ែត្រ ដោយក្រាលកៅស៊ូ DBST ទទួលបានកម្ចីពីរដ្ឋាភិបាលចិន ។ គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងបេតុង ប្រវែងសរុប ២១គីឡូម៉ែត្រ ប្រព័ន្ធលូមូល ប្រវែងសរុប ២៣,៧០គីឡូម៉ែត្រ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ១កន្លែង មានសមត្ថភាពចម្លោះទឹកកខ្វក់បានចំនួន ២,៤០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងក្រុងពោធិ៍សាត់ , គម្រោងស្ថាបនាទីលានចាក់សំរាមទំហំ១៥ហិកតា ។ 
 « ជាមួយគ្នានេះដែរក្នុងខេត្តពោធិ៍សាត់នេះ យើងបានប្រែមុខមាត់ថ្មីច្រើន ដោយសារមានគម្រោងជាច្រើនក្រៅពីគម្រោងរបស់មន្ទីរ គឺមានគម្រោងជាច្រើនទៀត ដូចជាគម្រោងសាងសង់ផ្លូវជាតិលេខប្រាំគឺបានរួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៤ សម្រាប់ឆ្លងកាត់ទឹកដីខេត្តពោធិ៍សាត់យើងនេះ មានប្រវែង៨៦គីឡូម៉ែត្រ នៅពេលដែលទទួលបានសមិទ្ធផលនេះមកហើយ គឺមន្ទីរត្រូវតែបន្តថែទាំជាប្រចាំរាល់ថ្ងៃ សម្រាប់រុក្ខជាតិដែលដើរលើទ្រូងផ្លូវគឺត្រូវតែសម្អាតនិងស្រោចទឹកជាប្រចាំ ហើយនៅផ្លូវមួយទៀតគឺផ្លូវជាតិលេខ៥៥ ដែលសម្ដេច កិត្តិនាមថា«ផ្លូវបុប្ផាលាក់ខ្លួន» ប្រវែងជាង១៨៨គីឡូម៉ែត្រ ក៏ត្រូវថែទាំជាប្រចាំដែរ ដែលផ្លូវនេះគឺបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត » ។ 
លោកអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបន្ថែមទៀតថា សម្រាប់ការងារដឹកជញ្ជូនផ្លូវគោក ក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរបានសហការជាមួយការិយាល័យច្រកចេញចូលតែមួយ សាលាខេត្ត និងក្រុង-ស្រុក សម្រេចបានលទ្ធផល រួមមាន៖ ការងារចុះបញ្ជីយានយន្តសរុបមានចំនួន៤៩៩៤គ្រឿង, ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សរុប៤៦២៧គ្រឿង, ការងារផ្តល់អាជ្ញាបណ្ណយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន សរុប១៨២គ្រឿង, ការងារផ្តល់បណ្ណបើកបរ សរុប៨០៤គ្រឿង, ការងារចុះបញ្ជីយានដ្ឋានជួសជុល និងយានដ្ឋានកែឆ្នៃដំឡើងយានយន្ត បាន៨០កន្លែង, ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន២១៦,៥១៥ គ្រឿង, ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក បានចំនួន៦៥លើក, ចុះត្រួតពិនិត្យតាមសាលាបង្រៀនបើកបរ ចំនួន១២លើក ៕