វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៤.០៣.២០២៥
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ នឹងបង្កើនការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យកាន់តែមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
លោក ភិន ណារិន អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ធន់នឹងការប្រែប្រួលអាកាសធាតុ គឺមន្ទីរបានបន្តដាក់ចេញផែនការមួយចំនួន ដូចជា៖ ការពង្រឹងគុណភាពលើការស្ថាបនា ជួសជុល ថែទាំផ្លូវថ្នល់ ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ បន្តសហការជាមួយបណ្តាអង្គភាពជំនាញនិងអាជ្ញាធរដែនដី ដែលនាំឱ្យការអនុវត្តន៍គម្រោង ស្ថាបនា ជួសជុល និងថែទាំផ្លូវថ្នល់ ប្រព្រឹត្តិទៅដោយរលូន។
លោកបានបន្តថា មន្ទីរក៏មានការសិក្សាលើគម្រោងនិងលើកផែនការស្ថាបនា ជួសជុលផ្លូវ ដែលមានតម្រូវការជាក់ស្តែង ដើម្បីបម្រើដល់ការដឹកជញ្ជូននិងចរាចរណ៍ សម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍ ។
« យើងនឹងសិក្សាលើគម្រោងសាងសង់ជួសជុលថែទាំផ្លូវជាច្រើនទៀត ដែលនាំឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានគុណភាព ធ្វើឱ្យជាប់បានយូរ ប្រើប្រាស់បានយូរ ដែលឃើញថាបច្ចុប្បន្ននេះ ទទួលបានការសាទរពីប្រជាពលរដ្ឋយ៉ាងច្រើន គឺមន្ទីរសាធារណការធ្វើបានល្អច្រើន បើទោះបីជាមានទឹកជំនន់ហូរកាត់ផ្លូវ ធ្វើឱ្យមានការខូចខាតមួយចំនួនតូចក៏ពិតមែន តែក្រុមការងារបានធ្វើការជួសជុលបានទាន់ពេលវេលា ដែលមិនបានបង្កការកកស្ទះនោះឡើយ ។ ហើយសម្រាប់ខេត្តពោធិ៍សាត់គឺមានស្ទឹងពោធិ៍សាត់ ដោយនៅក្នុងអំឡុងរដូវវស្សាគឺអាចនឹងមានជំនន់ទឹកភ្លៀង ដែលធ្វើឱ្យបែកធ្លាយទំនប់មួយចំនួន ទឹកហូរកាត់ផ្លូវផងដែរ ប៉ុន្តែមន្ទីរបានទប់ស្កាត់ និងអនុវត្តការងារបានទាន់ពេលវេលា » ។
ក្នុងនោះ មន្ទីរតែងតែខិតខំកៀរគរនិងសហការជាមួយដៃគូនានា រៀបចំថវិកាជាតិ និងអន្តរជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តពោធិ៍សាត់ ឱ្យមានភាពល្អប្រសើរជាងមុន ។ បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋាននានា ឱ្យបានទូលំទូលាយតាមគ្រប់រូបភាព ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពិសេសអ្នកបើកបររថយន្ត ដឹកអ្នកដំណើរ ដឹកទំនិញ អ្នកជិះម៉ូតូ មន្ត្រី បុគ្គលិក នៅតាមមន្ទីរ-ស្ថាប័ននានា ជាពិសេសបង្កើនការដាក់តាំងបដាពាក្យស្លោក រូបភាពសុវត្ថិភាពចរាចរណ៍ ខ្លឹមសារសីលធម៌១០ចំណុច នៅតាមដងផ្លូវឱ្យបានច្រើន។ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមបទដ្ឋានបច្ចេកទេស (ឆៀកចល័ត) , ផ្តល់សេវាសាធារណ:លើវិស័យដឹកជញ្ជូនជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធិភាព ៕