វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥
MC.ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងទេសចរគ្រប់ជាតិសាសន៍ បានស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណីជាតិខ្មែរ ដែលគ្រោងរៀបចំឡើងនៅតាមទីតាំងសំខាន់ៗជាច្រើនលើទឹកដីអង្គរ។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី ការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ថា អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ រៀបចំឡើងមានលក្ខណៈធំជាងមុន ដោយគ្រោងរៀបចំឡើង នាបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូ និងមានកម្មវិធីធំៗចំនួន៣៨ មានក្រុមការងារ៣៤ក្រុម និងមានយុវជនស្ម័គ្រចិត្ត ចូលរួមជាង៥០០០នាក់ ដោយមិនទាន់រាប់បញ្ចូលកងកម្លាំងការពារសន្តិសុខនៅឡើយ។
ឯកឧត្តមបន្តទៀតថា ចំពោះតួអង្គនិមិត្តរូបព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានឈ្មោះថា បងសោភ័ណ អូនសោភា ហើយ ក្បាច់ភ្ញីវល្លិ នៃអង្គរសង្រ្កាន្ត គឺយកចេញពីសៀវភៅមហាសង្ក្រាន្តមក ដោយគ្រោងយក ពណ៌កាប់ស្តាំងពណ៌ដីលែង ពណ៌ទឹកមាស និងផ្កាអង្គាបុស្ប ដែលជាព័ណ៌ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ទិដ្ឋភាពរួមនៃអង្គរសង្ក្រាន្ត មាន៣ចំណុច ទី១កម្មវិធីនីមួយៗ បង្កើនការផ្សារភ្ជាប់ ជាមួយមហាជនដែលអាចចូលរួមសកម្មភាពផ្ទាល់ ដើម្បីបង្កើនការផ្សារភ្ជាប់ផ្ទាល់អនុស្សាវរីយ៍ និងការចងចាំ ទី២ បង្កើនសកម្មភាព ឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសតាមបណ្តាទីតាំងកម្មវិធីនីមួយៗ និងទី៣ បង្កើនការរចនាតុបតែងទីតាំងកម្មវិធីនីមួយៗ ឱ្យមានភាពទាក់ទាញជាងមុន។
សូមជម្រាបថា ព្រឹត្តការណ៍អង្គរសង្ក្រាន្ត គ្រោងនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គរ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនានិងចូលរួមកម្សាន្តសប្បាយ៕