សម្តេចធិបតី៖យើងត្រូវបើកច្រកជ្រើសរើសគ្រូ ដែលមានជំនាញ ដើម្បីបំពេញការកង្វះខាត
វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៤.៤២៦ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤.៤២៦ នាក់នេះមាន (នារី ៣.៩២៤ នាក់) ដែលបាន បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ សាខា ខេត្តសៀមរាប នឹងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ (នារី ៤១ នាក់) ផងដែរ។
វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ (នារី ៣៨២ នាក់) និង និស្សិត កំពុងសិក្សា ចំនួន ១០.២១២ នាក់ (នារី ៩.១៧០ នាក់) និង គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង សរុបចំនួន ៥៦.៥២៦ នាក់ ( នារី ៤៧.៩៨៣ នាក់ )។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោងតាមការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៤២៦ នាក់ នេះ អ្នកមានការងារធ្វើ ចំនួន ៣.៩៧៤ នាក់ ស្មើនឹង ៨៩,៧៩%។
ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ឋភាព និង ការផ្តល់សេវាអប់រំ ប្រកបដោយ គុណភាពនោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្ត និង មានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ឋគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោល បំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារ បច្ចុប្បន្ន។
ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយបំពាក់សម្ភារៈឧបទេស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកទំនាក់ទំនងឱ្យបានល្អ ជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និយ័តករគណនេយ្យ និងសវនកម្ម និង ស្ថាប័នពាក់ព័ន្ឋ, សមាគមគណនេយ្យករចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុង ព្រះរាជាណាចក្រថៃ និង សាធារណរដ្ឋប្រជាមានិតចិន ជាដើម៕