វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៣ ២៥
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ថ្លែងថា បច្ចុប្បន្ននេះ ចំនួនប្រជាជនកម្ពុជាហូបអាហារបួសមានការកើនឡើង បន្ទាប់ពីការទទួលទានអាហាបួសនាំមកនូវសុខុមាលភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តថែមទៀត។
ថ្លែងក្នុងកម្មវិធីបុណ្យកតញ្ញូតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២៥ “ក្រោមប្រធានបទ៖ បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់” កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា អាហារបួស គឺជាអាហារមួយប្រភេទរបស់មនុស្ស ក្រៅពីជួយចិញ្ចឹមសរីរាង្គកាយឱ្យធំធាត់ប្រកបដោយភាពមាំមួនហើយនោះ ក៏ជាអាហារ នាំមកនូវសុខុមាលភាពល្អទាំងផ្លូវកាយនិង ផ្លូវចិត្តថែមទៀត។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ការទទួលទានអាហារបួស ក៏ជាការចូលរួមចំណែកទប់ស្កាត់ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅ សកល និងការពារភពផែនដីឱ្យមានលំនឹង និងនិរន្តរភាពផងដែរ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ពិភពលោកទាំងមូលកំពុងតែមានការព្រួយបារម្ភ អំពី "ការកើនឡើងកំដៅសកល" ហើយចាត់ទុកជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។សព្វថ្ងៃនេះ នៅទូទាំងពិភពលោក មានប្រជាជនប្រមាណ ២២% បានទទួលទានម្ហូបបួសប្រចាំឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា ពិតមែនតែតួលេខនេះនៅទាបនៅឡើយ តែនិន្នាការ នៃការហូបម្ហូបបួស នៅមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែក សម្រាប់កម្ពុជាយើងវិញ ទោះបីជាមិនមានតួលេខ ច្បាស់លាស់ពីប្រជាជនដែលទទួលទានអាហារបួស ប៉ុន្តែអាចនិយាយបានថា ចំនួនប្រជាជនហូបអាហារបួសក៏មានការកើនឡើងដែរ។ ដោយសារការកើនឡើងភោជនីយដ្ឋានអាហារបួស នៅតាមរាជធានីនិងខេត្តនានា។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា អីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា ដែលបានបំពេញបេសកកម្ម អប់រំ បង្ហាត់បង្រៀន ការងារអភិវឌ្ឍធនធានមនុស្សខាងស្មារតី អប់រំដល់បរិស័ទតាមព្រះវិហារនានា ឱ្យមានកតញ្ញូតាធម៌ បណ្តុះនូវចិត្តមេត្តា ករុណា មានក្តីស្រលាញ់ចំពោះមនុស្សទាំងឡាយ ចេះយោគយល់ និងអធ្យាស្រ័យគ្នា រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងចូលរួមសកម្មភាពមនុស្សធម៌នានា ដោយគ្មានការរើសអើង ដូចជាការ ជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់ អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ជនទីទាល់ក្រ បរិច្ចាគឈាម ។ល។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាអីគ័នតាវ ឯកអនុត្តរ ធម៌ប្រចាំកម្ពុជា នឹងបន្តបង្កើនសកម្មភាព មនុស្សធម៌ឱ្យបានច្រើនថែម ទៀត នៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ឡាយ ស៊ូឈុន ប្រធានដឹកនាំកម្មវិធីនៃក្រុមប្រឹក្សាអីគ័នតាវឯកអនុត្តរធម៌ប្រចាំកម្ពុជា បានលើកឡើងថា ឆ្នាំនេះ ក្រុមប្រឹក្សាអីគ័នតាវបានលើកយកប្រធានបទ "បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់" ដើម្បីលើកកម្ពស់ដល់កតញ្ញូកតវេទី និងអាហារបួស។ កតញ្ញូតាធម៌ និងអាហារបួស មើលទៅហាក់ដូចជាប្រធានបទពីរផ្សេងគ្នា ប៉ុន្តែវាពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ៖ នោះគឺ «សេចក្តីស្រឡាញ់ និងការគោរព» ។
នៅពេលដែលយើងដាក់បញ្ចូលគ្នានូវភាពកតញ្ញូតាធម៌ជាមួយនឹងអាហារបួស នោះយើងមិន ត្រឹមតែអាចបង្ហាញអំពីសេចក្តីស្រឡាញ់ចំពោះគ្រួសាររបស់យើងប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ ផលវិជ្ជមានជាច្រើនទៀតដល់សង្គមជាតិផងដែរ។
លោកស្រីសូមអំពាវនាវដល់ អ្នកទាំងអស់គ្នា សូមជួយផ្សព្វផ្សាយនិងលើកកម្ពស់ធម៌កតញ្ញូនិងជួយជំរុញអាហារបួសទាំងអស់គ្នា ដើម្បីឲ្យសេចក្តីស្រឡាញ់ និងការថ្លែងអំណរគុណ ក្លាយជាស្នូលនៃជីវិតរបស់យើង ហើយសូមយកគោលគំនិតនៃការគោរពជីវិត ប្រព្រឹត្តទៅបានយូរអង្វែង។ ចូរយើងបញ្ចូលនូវសេចក្តីសប្បុរស និងក្តីមេត្តាឲ្យកាន់តែច្រើនឡើងៗទៅក្នុងពិភពលោក ហើយយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បី " បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់"៕