វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មីនា ២០២៥
MC៖ ក្រសួងអប់រំ បានធ្វើការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ វិធីសាស្ត្រ បង្រៀនបែបទំនើប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងការរៀន ក្នុងបំណងរៀបចំគ្រូបង្រៀននិងសិស្សានុសិស្សសម្រាប់ថ្នាក់រៀនដែលទំនើប និងឆ្លាតវៃនាពេលអនាគត។
ក្រុមហ៊ុនអភិវឌ្ឍកម្មវិធី Software (CODEUS) សហការជាមួយមជ្ឈមណ្ឌល SEAMEO TED បានរៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្ដី “ភាពជាអ្នកដឹកនាំ វិធីសាស្ត្របង្រៀនបែបទំនើប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការអប់រំ” សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Anik ក្នុងគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដោយផ្តល់នូវយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ពង្រឹងភាពបត់បែននិងភាពធន់ក្នុងការដឹកនាំក្នុងប្រព័ន្ធអប់រំកម្ពុជា ។ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ្នកអប់រំក្នុងការបណ្តុះពលរដ្ឋដែលមានជំនាញនិងទំនួលខុសត្រូវ។ ឯកឧត្តមបណ្ឌិត បានបង្ហាញពីតម្រូវការនៃការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ និងជាប្រចាំដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃពិភពលោក និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំជាដើម។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់នៃការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងវប្បធម៌នៃការស្រាវជ្រាវដើម្បីរៀបចំសិស្សានុសិស្សសម្រាប់ការងារនាពេលអនាគត។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CODEUS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការផ្តួចផ្តើមរៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពនេះឡើង។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តអ្នកចូលរួមឱ្យទទួលយកការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការដើម្បីធានាថាប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជានៅតែប្រកួតប្រជែង និងមានភាពពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ សង្កត់ធ្ងន់លើកម្មវិធីកុំព្យូទ័រដែលជំនួយដល់ខួរក្បាលដើម្បីបង្កើតបរិស្ថានសិក្សាដែលមានឥទ្ធិពល ហើយវាក៏ជាវេទិកា ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញអន្តរជាតិ និងគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយវាក៏ចូលរួមចំណែកលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើតជាធាតុចូលសំខាន់ៗ និងគំនិតផ្តួចផ្តើមដំណើរការនៃការផ្លាស់ប្តូរឆ្ពោះទៅរកការលើកកម្ពស់ការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដើម្បីអភិវឌ្ឍបរិស្ថានសិក្សាប្រកបដោយភាពទាក់ទាញនិងមានប្រសិទ្ធភាព ៕