វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៣ ២០២៥
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ បំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបានជាង៩៣%ហើយ ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល–កោះកុង) បានសម្រេចលទ្ធផល ៩៣,២៨% ហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាងមុន។ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល៩៣,២៨%ហើយ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តថា គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC, គូសគំនូសចរាចរណ៍បែងចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន.។
ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងមានសក្តានុពលខ្ពស់ក្នុងវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ដឹកជញ្ជូន, ភស្តុភារកម្ម និងទេសចរណ៍។ការអភិវឌ្ឍផ្លូវនេះនឹងជួយបង្កើនការតភ្ជាប់ដ៏មានប្រសិទ្ធភាពពីតំបន់ខាងលិចនៃប្រទេសទៅកាន់ភ្នំពេញ និងតំបន់ផ្សេងៗ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយោគយល់ និងអធ្យាស្រ័យ ក្នុងអំឡុងពេលការដ្ឋានកំពុងដំណើរការ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមថា នៅពេលគម្រោងនេះបញ្ចប់ដោយជោគជ័យ នឹងអាចជួយអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពសង្គមនៅតំបន់នេះបានយ៉ាងច្រើន។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។គម្រោងនេះ ប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ រួមមាន ផ្លូវ ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕