វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មីនា ២០២៥
អន្តរជាតិ៖ បើយោងតាមលោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ប្រទេសនេះបានត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើកិច្ចចរចាដោយប្រយោលជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែការសន្ទនាដោយផ្ទាល់ប្រហែលជាមិនអាចកើតឡើងនោះទេ ដោយសារការគំរាមកំហែង និងគោលនយោបាយសម្ពាធអតិបរមា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "ជំហររបស់យើងគឺមិនច្បាស់លាស់។ នៅក្រោមគោលនយោបាយនៃសម្ពាធអតិបរមា និងការគំរាមកំហែងដែលបានបន្លឺឡើង អ៉ីរ៉ង់នឹងមិនចូលទៅក្នុងកិច្ចចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកនោះទេដរាបណាមិនមានការផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តរបស់ភាគីម្ខាងទៀតឆ្ពោះទៅកាន់អ៊ីរ៉ង់ និងប្រជាជនអ៉ីរ៉ង់។ ដោយសារការចោទប្រកាន់ និងគោលនយោបាយដែលកំពុងបន្តត្រូវបានតម្រង់មកយើង យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកទេ"។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមីនា លោក Trump បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា លោកបានផ្ញើសារទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយស្នើឱ្យមានការពិភាក្សាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ជាការឆ្លើយតបមេដឹកនាំកំពូលអ៉ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយអាម៉េរិកឡើយ ព្រោះថាទីក្រុងវ៉ាស៊ីនតោនផ្តោតជាចម្បងលើផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅថ្ងៃទី១២ ខែមីនា លោកបានកំណត់សេចក្តីថ្លែងការណ៍របស់លោក Trump អំពីការត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាថា ជាការប៉ុនប៉ងដើម្បីបញ្ឆោតសាធារណជនទូទាំងពិភពលោក៕