វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មីនា ២០២៥
អន្តរជាតិ៖ កាលពីថ្ងៃចន្ទកងទ័ពហ្វីលីពីន និងកងទ័ពអាម៉េរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដែលមានរយៈពេល ៣សប្ដាហ៍ដោយសមយុទ្ធនេះនឹងផ្ដោតលើការការពារទឹកដី និងហ្វឹកហាត់ពីរបៀប ដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទាហាន ៥,០០០នាក់ដែលមកពីហ្វីលីពីន និងអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធារួមគ្នាខាងលើក្នុងដំណាក់កាលទី១ នៃសមយុទ្ធ Exercise Salaknib នៅក្នុងឆ្នាំ២០២៥នេះ ខណៈដំណាក់កាលទី២ គ្រោងនឹងធ្វើឡើងចុងឆ្នាំនេះ។ សមយុទ្ធនេះនឹងផ្ដោតសំខាន់លើការពង្រឹងការធ្វើប្រតិបត្តិការរួមរវាងកងទ័ពនៃប្រទេសទាំង២ ការហ្វឹកហាត់ពីរបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ សមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី។ គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កើតមានឡើង ក្នុងពេលមានសេចក្ដីរាយការណ៍ថាលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាម៉េរិកត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល ក្នុងសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាមេដឹកនាំហ្វីលីពីន និងសមភាគីរបស់លោក៕