សេតវិមាន បានធ្វើឱ្យបែកធ្លាយនូវផែនការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥

អន្តរជាតិ៖ រដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា អ្នកសារព័ត៌មានម្នាក់មកពីទស្សនាវដ្ដី Atlantic ត្រូវបានអញ្ជើញដោយចៃដន្យឱ្យចូលរួមក្នុងគ្រុបឆាតមួយ ដែលក្នុងនោះមានទាំង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance ព្រមទាំងមន្ត្រីសន្តិសុខអាម៉េរិកកំពូលៗផ្សេងទៀត ដែលបានពិភាក្សាគ្នាអំពីផែនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា ប៉ុន្តែផែនការនេះបានបែកធ្លាយ ហើយនិពន្ធនាយករបស់ទស្សនាវដ្ដី Atlantic លោក Jeffrey Goldberg បានដឹងជាមុន ២ម៉ោងមុននឹងការវាយប្រហារដំបូងចាប់ផ្ដើម។ លោក Goldberg បានឱ្យដឹងថារូបលោកបានទទួលការផ្ញើសារមួយអញ្ជើញឱ្យចូលរួមក្នុងគ្រុបឆាត នៃកម្មវិធី Signal ពីគណនីមួយ មានឈ្មោះថា Michael Waltz។ ពីដំបូងឡើយ លោកមានការសង្ស័យថាឈ្មោះ Waltz នេះគឺជាលោក Michael Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ។ មួយសន្ទុះក្រោយមក ទើបលោក Goldberg ដឹងថារូបលោកស្រាប់តែស្ថិតក្នុងកិច្ចសន្ទនាមួយជាមួយក្រុមមន្ត្រីរដ្ឋាភិបាលអាម៉េរិក ១៨រូប ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជាដើម។ គួរបញ្ជាក់ថា ខាងសេតវិមានក៏បានទទួលស្គាល់ចំពោះការធ្វើឱ្យបែកធ្លាយផែនការវាយប្រហារលើក្រុមហ៊ូទីផងដែរ ខណៈលោក ត្រាំ នៅតែបង្ហាញការជឿជាក់លើក្រុមមន្ត្រីសន្តិសុខរបស់លោក៕

សេតវិមាន បានធ្វើឱ្យបែកធ្លាយនូវផែនការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី
សេតវិមាន បានធ្វើឱ្យបែកធ្លាយនូវផែនការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី
សេតវិមាន បានធ្វើឱ្យបែកធ្លាយនូវផែនការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី
សេតវិមាន បានធ្វើឱ្យបែកធ្លាយនូវផែនការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី

អត្ថបទទាក់ទង