វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ០៣ ២៥
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងថា “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ដើម្បីសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង ជាមួយនឹងការដាក់ដំណើរការគំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួន៤ និងវេទិកាស្តីពីបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។
ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើនចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម។”
ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ថា៖ “វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពុំមែនជាភារកិច្ចរបស់ក្រសួងណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាមានចរិតជាអន្តរវិស័យ ប្រទាក់ក្រឡាគ្នា ដែលទាមទារឱ្យមានការចូលរួមសហការគ្នាជិតស្និទ្ធ ប្រកបដោយសុឆន្ទៈពិតប្រាកដ ក្នុងក្របខណ្ឌអន្តរក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជនផងដែរ ដោយគិតគូរលើផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ មិនប្រកាន់ជំហរក្រសួងនិយម ឬមិនធ្វើការដាច់ដោយឡែកពីគ្នានោះទេ។”
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា “ការអភិវឌ្ឍវិស័យនេះពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យ គឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។”
ឯកឧត្តមក៏បានលើកឡើងពីតួនាទីស្នូលរបស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ក្នុងការដឹកនាំ និងកំណត់ទិសដៅជាយុទ្ធសាស្ត្ររបស់កម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖“បច្ចេកវិទ្យាមានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ។ ប៉ុន្តែ បច្ចេកវិទ្យា ក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។"
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។ នេះជាអភិក្រមថ្មីមួយ ដែលផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេស តំបន់ និងពិភពលោក៕