វិទ្យុជាតិកម្ពុជា៖ លោក វណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
ស្វាយរៀង៖ ឯកឧត្តម ឡុងសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានជំរុញឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនក្នុងការចុះយកព័ត៌មាននិងផលិតព័ត៌មានឱ្យមានគុណភាពដើម្បីបញ្ជូនផ្សព្វផ្សាយឱ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍ថ្មីៗ។
ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទីមួយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀងកាលពីថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៥ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង ឯកឧត្តម ឡុង សេងបានបញ្ជាក់ថាវិស័យព័ត៌មានមានសារ:សំខាន់ ណាស់ក្នុងការនាំព័ត៌មានពិតពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងពាំនាំព័ត៌មានពីកម្មវិធីនយោបាយនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋបានដឹងដែលមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយនិងលឿនឆាប់រហ័សតាមខ្លឹមសារ (ប្លែក លឿន ទីណាក៏បាន ពេលណាក៏បាន និងទុកចិត្តបាន ) ។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះការចុះយកព័ត៌មានផលិតព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ កន្លងមកអំពីការរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តស្វាយរៀង។
ឯកឧត្តម ឡុងសេង ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវបន្តចុះយកព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកពិសេសសកម្មភាពត្រៀមរៀបចំសង្ក្រាន្តស្វាយរៀងដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះនៅតាមទីប្រជុំជនក្រុងស្វាយរៀងនិងតាមវត្តអារាម សាលារៀនទីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនានាដោយត្រូវឆ្លុះបញ្ចាំងពីលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ខ្មែរនៅតាមកន្លែងស្រុកភូមិនានា និង បង្ហាញពីការកែលម្អសោភ័ណភាពការរៀបចំបរិស្ថានជុំវិញផ្ទះនិងនៅតាមទីសាធារណៈនានាជាដើម។
ទន្ទឹមនេះមន្ត្រីក្នុងមន្ទីរទាំងអស់ត្រូវមានការសាមគ្គី សហការគ្នាល្អក្នុងការអនុវត្តការងារដែលក្រសួងព័ត៌មានបានដាក់ចេញដើម្បីសម្រេចបានតាមទិសដៅការងារក្នុងឆ្នាំ ២០២៥ នេះឱ្យទទួលបានជោគជ័យ៕