វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមបានធ្លាក់ចុះ ១៧ភាគរយ មកនៅត្រឹម ៦៧៧លានដុល្លារអាម៉េរិក ខណៈដែលការនាំចេញទុរេនបានធ្លាក់ចុះចំពេលមានបទប្បញ្ញត្តិសុវត្ថិភាពកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ កាសែត VnExpress បានដកស្រង់សម្តីលោកអគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមថា តម្រូវការថ្មីនេះបានធ្វើឱ្យអាជីវកម្មជាច្រើនផ្អាកការនាំចេញទុរេន ខណៈដែលពួកគេកំពុងរៀបចំឯកសារដែលចាំបាច់។ យោងតាមសមាគម គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ការនាំចេញទុរេនមានត្រឹមតែ ៣,៥០០តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ ៨០ភាគរយបើធៀបនឹងឆ្នាំមុន។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹងសម្រាប់កសិករដាំទុរេន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យ ព្រមាន និងដាក់ពិន័យចំពោះអ្នកល្មើសច្បាប់ជាដើម៕