វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៣-០៤-២០២៥
នគរបាលស្រុក ព្រះនេត្រព្រះ ចុះផ្សព្វផ្សាយតាមផ្សារឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដើម្បីរួមគ្នាបង្ការនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងចំពោះក្រុមគ្រួសារ ក្នុងពេលធ្វើដំណើរទៅលេងស្រុកកំណើត ឬ ទៅលេងកម្សាន្តនានាទាំងទីជិតទីឆ្ងាយ។
នេះជាគំរូដ៏ល្អមួយរបស់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់មូលដ្ឋាន ដែលបានធ្វើការក្រើនរំលឹកជាមុនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរ និងគ្រោះថ្នាក់ផ្សេងទៀត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
តួយ៉ាងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះគេឃើញការបង្ហោះនូវសកម្មភាពនគរបាលរដ្ឋបាលជប់វារី នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ អូសធុងបាស់ចាក់ផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដល់ប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារចក្រី ឃុំជប់វារី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។
ក្នុងសារសំឡេងផ្សព្វផ្សាយនោះ បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មួយៗជាយុវជន យុវនារី សិស្ស និស្សិត ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ហាមដាច់ខាតក្នុងការជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវសាធារណៈ នាំឱ្យមានគ្រោះថ្នាក់ជាហេតុ ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរផ្សេងទៀត និងចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យនានាដែលអាចកើតមានជាយថាហេតុ៕