វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យ ការបាញ់ទឹកសាកល្បងនៅតំបន់ត្រជាក់ចិត្តនាបរិវេណវិមានឯករាជ្យ ព្រមទាំងពិនិត្យមើលការរៀបចំ តុបតែងលម្អនៅតាមបណ្ដាទីតាំងសំខាន់ៗមួយចំនួនទៀតដើម្បីពន្លឿនឱ្យបានឆាប់រួចរាល់មុនថ្ងៃបើកព្រឹត្តិការណ៍សង្រ្កាន្ត។
ការចុះពិនិត្យនិងបាញ់ទឹកសាកល្បងនៅតំបន់ត្រជាក់ចិត្តនេះ ក្រោយពី ឯកឧត្តមអភិបាលខេត្តបាត់ដំបង បាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំត្រៀមព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការងារ ដែល បានបែងចែកទៅតាមផ្នែកទទួលខុសត្រូវរបស់ខ្លួនឱ្យបានរួចរាល់មុនថ្ងៃបើកព្រឹត្តិការណ៍សង្រ្កាន្ត។
បន្ថែមពីលើនេះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើន ការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះឲ្យបានល្អ។
សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ -១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយស.ស.យ.កខេត្ត ដោយគ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនជាមួយការតុបតែងលម្អ ដោយរៀបចំឱ្យ មានជាខ្លោងទ្វារសង្រ្កាន្ត,វេទិកាបើកព្រឹត្តិការណ៍សង្រ្កាន្ត,តំបន់ត្រជាក់ចិត្ត,តំបន់ពាងទឹក,តំបន់ភូមិយើង, តំបន់តន្ត្រីស្រុកស្រែ,តំបន់សាសនា,តំបន់ផលិតផលយក្ស,តំបន់ភូមិបង្អែមខ្មែរ,ពិព័រណ៍ទូទៅ និង តន្ត្រីសម័យ។
ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥ ធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅ របស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕