វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៤ ២០២៥
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមកសាង ស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមក។ សម្ដេចប្រធានរដ្ឋសភា បានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់រដ្ឋសភាកម្ពុជា ជាច្រើនអាណត្តិមកហើយ គឺតាំងពីពេលដែលសម្ដេចនៅជាសមាជិករដ្ឋសភា ជាថ្នាក់ដឹកនាំគណៈកម្មការរដ្ឋសភា ជាអនុប្រធានទី២រដ្ឋសភា និងរហូតសម្ដេចត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងក្លាយជាប្រធានរដ្ឋសភា គឺជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលបាននូវតួនាទីដ៏ឧត្ដុង្គឧត្ដមនេះ ដែលគុណូបការៈ និងគំរូវីរភាពដ៏ថ្លៃថ្លានេះ បានចារឹកជាប់នៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំនិងសមាជិក សមាជិការដ្ឋសភា ក៏ដូចជាប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបានឡើយ។
ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ព្រះនាង គោរាគ:ទេវី តាមជួយថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាមាំមួន ប្រាជ្ញាញាណភ្លឺថ្លាវៀងវៃ ជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់។
សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានជូនសព្ទសារធុការពរជ័យដ៏ប្រសើរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។ សម្ដេចប្រធានរដ្ឋសភា ក៏បានប្រសិទ្ធិពរជ័យ ជូនពរឆ្នាំថ្មីដល់ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រប់រូប សមាជិក សមាជិកាគណៈកម្មការទាំង១០នៃរដ្ឋសភា សមាជិកសមាជិការដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានសុខភាពល្អ មានសិរីសួស្ដី មានសេចក្ដីសុខសុភមង្គល៕