វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៤ ២០២៥
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផលព្រៃឈើ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដោយបានលើកឡើងថា នេះជាអំពើបំផ្លាញដល់ធនធានធម្មជាតិ។ ជាមួយគ្នានេះ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់សហការផ្តល់ព័ត៌មានអំពីសកម្មភាពល្មើសនេះ មកកាន់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
បម្រាមរបស់ក្រសួងបរិស្ថាន បន្ទាប់ពីក្នុងរយៈពេលកន្លងមកនេះ មានការកើនឡើងនូវសកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុង តំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។
ក្រសួងបរិស្ថាន បញ្ជាក់ថា សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ មានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។
ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យបានគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។
ក្រសួងបរិស្ថាន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមាន ប្រសិទ្ធភាពខ្ពស់ជាក់ជាមិនខាន៕