វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥
MC. រទេះគោខ្មែរនៅសហគមន៍ទេសចរណ៍បឹងពារាំង ទទួលបានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិជាហូហែរបន្ទាប់ពីបានចូលមកកម្សាន្ត ព្រោះថានៅទីនោះបានប្រែក្លាយជាតំបន់កសិទេសចរណ៍ មានន័យថា ទេសចរអាចជិះរទេះគោទស្សនាសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រួមទាំងអាចសាកល្បងជាមួយសហគមន៍នូវសកម្មភាពប្រចាំថ្ងៃមួយចំនួនថែមទៀតផង។
លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បានឱ្យដឹងថា ទេសចរមកទស្សនាកំសាន្តយសហគមន៍ទេសចរណ៍បឹងពារាំង ក្រៅពីទស្សនាជីវចម្រុះ សត្វស្លាបទឹកជិត២០០ប្រភេទហើយនោះ នៅផ្នែកខាងលើប្រជាសហគមន៍ជ្រាវ បានរៀបចំកញ្ចប់សេវាកម្មជាច្រើនមានទាំងរទេះគោ សម្រាប់នំាទេសចរជិះទស្សនាជីវភាពរស់នៅរបស់សហគមន៍ទាំងមូល។ លោកថា ចាប់តាំងពីឆ្នាំ២០១១មកសហគមន៍ បានបង្កើតឱ្យមាន រទេះគោ ដើម្បីបម្រើសេវាកម្មទេសចរណ៍ រួមទាំងអភិរក្សមធ្យោបាយដឹកជញ្ជូនពីបុរាណមួយនេះកុំឱ្យបាត់បង់ រហូតទេសចរជាតិ និងអន្តរជាតិទទួលស្គាល់និងគាំទ្រជាហូហែរ។
លោកបន្តថា ដោយសារប្រជាសហគមន៍ជាង៨០ភាគរយ នៃប្រជាជនដែលរស់នៅអមសងខាងផ្លូវ ប្រកបការងារកសិកម្មទាំងខួបប្រាំងខួបវស្សា ដូច្នេះក្រុមការងារបានប្រែក្លាយទីនោះ ឱ្យក្លាយជាតំបន់កសិទេសចរណ៍ មានន័យថា ទេសចរអាចជិះរទេះគោ ទស្សនាសកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋ រួមទាំងអាចសាកល្បងជាមួយសហគមន៍ នូវការងារប្រចាំថ្ងៃមួយចំនួន ដូចជា៖ ការដាំដុះបន្លែ របៀបភ្ជូររាស់បែបបុរាណ ការប្រមូលផលស្រូវ ការផលិតអង្ករដោយដៃ សកម្មភាពផលិតនំបញ្ចុក និងផលិតស្រាខ្មែរជាដើម។
សំឡេង៖ ដើមឆ្នាំ២០២៥នេះយើងបានទទួលភ្ញៀវទេសចរជាង៥០០នាក់ដែលមកជិះរទេះគោ មើលភូមិឋាន ការច្រូតស្រូវ ហើយខ្ញុំបានរៀបចំបែបកសិទេសចរណ៍ ឱ្យគាត់រៀនច្រូត រៀនស្ទួង ភ្ជួររាស់ដោយគោរនាស់ នង្គ័លរបៀបបុរាណ រួចហើយច្រូតមកបោកប៊ែន រួចយកទៅកិនជាមួយត្បាល់បុរាណ ផលិតអង្ករដោយដៃជាអង្ករសំរូប។ គាត់ធ្លាប់តែទិញអង្ករសំរូបនៅហាងទំនើប តែគាត់អត់ធ្លាប់បានឃើញជីវិតពិតការផលិតអង្ករដោយដៃទេ រួចហើយយើងយកអង្ករហ្នឹងដាំបាយឱ្យគាត់ពិសារទៀត។ មួយទៀតគឺសកម្មភាពក្នុងភូមិ ឱ្យភ្ញៀវយល់ដឹងពីការធ្វើនំបញ្ចុក និងការផលិតស្រា។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បឹងពារាំង មានចំងាយប្រមាណ១០គីឡូម៉ែត្រ ភាគខាងកើតឈៀងខាងត្បូង ក្រុងសៀមរាប សង្កាត់ជ្រាវ មានភូមិចំនួន៧ ប្រជាពលរដ្ឋរស់នៅសរុបជាង៥ពាន់គ្រួសារ។ បច្ចុប្បន្នសហគមន៍មានរទះគោចំនួន១០រទេះ សម្រាប់ផ្តល់សេវាកម្មជូនទេសចរ ក្នុងនោះចាប់ពីដើមឆ្នាំ២០២៥មក ទេសចរប្រមាណ៥០០នាក់ហើយ បានចូលមកជិះរទេះគោក្នុងសហគមន៍ ដើម្បីទស្សនាជីវភាពប្រចាំថ្ងៃ រួមទាំងបានសាកល្បងចូលរួមសកម្មភាពជាមួយសហគមន៍ដោយភាពសប្បាយរីករាយ៕