វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៨ មេសា ២០២៥
អន្តរជាតិ៖ កាលពីថ្ងៃទី៧ ខែមេសា ក្រសួងសុខភាពសាធារណៈរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានប្រារព្ធទិវាសុខភាពពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅទីស្តីការក្រសួងសុខាភិបាល ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ការថែទាំម្តាយ និងទារកទើបនឹងកើត គឺជាការវិនិយោគសម្រាប់អនាគតដែលមានសុខភាពល្អ"។ លោកអនុរដ្ឋមន្ត្រីទទួលបន្ទុកសេវាសុខភាពបាននិយាយថា "រដ្ឋអ៊ីស្លាមអេមីរ៉ាត បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ដោយផ្តល់នូវសេវាកម្មដ៏ទូលំទូលាយប្រកបដោយសមធម៌ គុណភាពខ្ពស់ និងមិនរើសអើង"។ លោកបានសង្កត់ធ្ងន់ថា ក្រសួងកំពុងធ្វើការពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដោយមានផែនការសាងសង់មណ្ឌលសុខភាពថ្មី និងលើកកំពស់លទ្ធភាពទទួលបានសេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពនៅទូទាំងប្រទេស។ យោងតាមក្រសួងសាធារណៈការ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងជាតិ ដែលបានទៅដល់តំបន់ដាច់ស្រយាលជាច្រើនដើម្បីការពារសុខភាពកុមារ។ គួរបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានទទួលស្គាល់ថា សង្គ្រាមរាប់ទសវត្សរ៍នៅអាហ្វហ្គានីស្ថានបានធ្វើឱ្យខូចប្រព័ន្ធសុខភាពរបស់ប្រទេស ហើយប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅតែធ្វើដំណើរទៅក្រៅប្រទេសជារៀងរាល់ឆ្នាំដើម្បីព្យាបាល៕