វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៩-០៤-២០២៥
ភ្នំពេញ ៖ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំកិច្ចប្រជុំស្តីពី ភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកម្មវិធីក្នុងវិស័យសង្គមកិច្ច ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។
នាឱកាសនោះ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ គាំទ្រដល់បេសកកម្មរបស់ក្រសួង ស្របតាមផែនការជាយុទ្ធសាស្រ្តដូចដែលបានកំណត់។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹក ពីគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយផ្តោតលើការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍ ជាពិសេសបន្តពង្រឹងភាពជាដៃគូ ជាមួយសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ស្របតាមគោលនយោបាយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារក្រុមជនរងគ្រោះ និងងាយរងគ្រោះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល តាមរយៈកិច្ចព្រមព្រៀងគម្រោងនានា ដើម្បីអនុវត្តសកម្មភាពជួយដល់កុមារ គ្រួសារក្រីក្រ មនុស្សចាស់ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត។
រហូតមកដល់ពេលនេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧៣ បានចុះកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះមានសមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ចំនួន ៩៧ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៧៦ ។
គួរបញ្ជាក់ជូនផងដែរថា សមាគម អង្គការ ដែលអនុវត្តគម្រោងកម្មវិធីផ្នែកកុមារចំនួន ១១១ ផ្នែកកិច្ចការគ្រួសារ ចំនួន ១៧ ផ្នែកគាំពារជនរងគ្រោះចំនួន ២៥ ផ្នែកពិការភាព ចំនួន ១៨ និងផ្នែកមនុស្សចាស់ចំនួន ២។ ក្នុងភាពជាដៃគូ ក្រសួងក៏បានផ្តល់នូវការគាំទ្រជូនបណ្តាសមាគម និងអង្គការ ដែលបានស្នើសុំទៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នូវលិខិតស្នើសុំចុះ ឬបន្តអនុស្សរណៈជាមួយនឹងរាជរដ្ឋាភិបាល ស្នើសុំពន្យារ ទិដ្ឋាការជូនបុគ្គលិកបរទេស ស្នើសុំធ្វើផ្លាកលេខយានយន្តប្រភេទអង្គការ និងការស្នើសុំនាំចូលសម្ភារៈ សម្រាប់ការងារអនុវត្តគម្រោងកម្មវិធី ដោយការបង់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋផងដែរ៕