វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១០ ០៤ ២៥
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា ថ្លែងថា យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅកម្ពុជាជាដាច់ខាត ដោយសារបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិ និងប្រជាជនរបស់ខ្លួន«ស្លា.ប់»ទៅវិញ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផងដែរកំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហា ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិ និងប្រជាជនរបស់ខ្លួន«ស្លាប់»ទៅវិញ។
ឯកឧត្តម ប៉ែន បូណា បានដាក់សំនួរថា តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ?ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បី អនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕