រយៈពេល១០ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិចំនួនពីរនៅខេត្តបាត់ដំបង ជាង៤ម៉ឺននាក់

Narith | ថ្ងៃទី 11 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ មន្រ្តីអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ នៅខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១  ដល់ថ្ងៃទី១០ខែមេសាឆ្នាំ ២០២៥ ពលករខ្មែរទៅធ្វើការ នៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង និង ច្រកអន្តរជាតិភ្នំដី ចំនួន៤១ ៣៥៥នាក់ ក្នុងនោះ ស្រី ១៨២១១ នាក់ ។
 លោក លឹក ផល្លា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង បានផ្តល់ របាយការណ៍មន្រ្តីអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ថែមថា ក្នុងចំណោមពលករខ្មែរ វិលត្រឡប់មកស្រុកកំណើតវិញទាំងជាងបួនម៉ឺននាក់ខាងលើនេះ មានចូលតាមច្រកទ្វារព្រំដែន អន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង ចំនួន២៨,៥៥៣នាក់ ស្រី ១២,៥២៩នាក់ និងចូលតាម ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបងចំនួន២៨,៥៥៣នាក់ស្រី១២,៥២៩នាក់ ។

សូមរំលឹកថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ(Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
ការលើកលែងតម្លៃសេវានេះ គឺផ្ដល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A_Visa) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការលើកលែងនេះក៏បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន ក្រសួងការងារបានណែនាំ ដល់បងប្អូន ពលករខ្មែរដូចខាងក្រោម៖ 
- ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
- ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit)
- ត្រូវធ្វើដំណើរចូលប្រទេសថៃវិញយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ករណីធ្វើដំណើរចូលប្រទេសថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បងប្អូនត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា បើមិនដូច្នេះទិដ្ឋាការការងារ(Non-Immigration L-A Visa) របស់បងប្អូន ពលករខ្មែរនឹងអស់សុពលភាព៕

រយៈពេល១០ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិចំនួនពីរនៅខេត្តបាត់ដំបង ជាង៤ម៉ឺននាក់
រយៈពេល១០ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិចំនួនពីរនៅខេត្តបាត់ដំបង ជាង៤ម៉ឺននាក់
រយៈពេល១០ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិចំនួនពីរនៅខេត្តបាត់ដំបង ជាង៤ម៉ឺននាក់
រយៈពេល១០ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិចំនួនពីរនៅខេត្តបាត់ដំបង ជាង៤ម៉ឺននាក់