វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
MC. កាន់តែខិតចូលមកដល់នៃថ្ងៃប្រារព្ធព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត បន្តដើរទស្សនាការរៀបចំតុបតែងលម្អនៅទីតាំងសំខាន់ៗទាំងក្នុងក្រុងសៀមរាប និងខាងមុខប្រាសាទអង្គរវត្ត រួមទាំងបង្ហាញភាពសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការតុបតែងលម្អយ៉ាងប៉ិនប្រសប់មើលទៅស្រស់ស្អាតនិងទាក់ទាញ។
កញ្ញា ស្រីពៅ អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានអញ្ជើញមកទស្សនាតាមទីតាំងសំខាន់ៗបរិវេណខាងមុខប្រាសាទអង្គរវត្តបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រពេញទំហឹង ចំពោះស្នាដៃរៀបចំតុបតែងលម្អរបស់ជំនាញពាក់ព័ន្ធ សម្រាប់បង្ហាញទៅសាធារណជនបានទស្សនាក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មើលទៅស្រស់ស្អាត សក្តិសមជាមួយទីតាំងប្រាសាទបុរាណដែលជាដួងព្រលឹងជាតិ។ កញ្ញាថា ការកែច្នៃផលិតផលពីរពាក់ឬផ្តៅឱ្យចេញជារូបរាងផ្កាចំប៉ី ឬផ្កាលម្អផ្សេងៗដាក់តាំងបង្ហាញ រួមជាមួយស្គរដ៏ធំមួយតាំងបង្ហាញនៅសួនច្បារ ក្បែរស្ពានហាលខាងលិចប្រាសាទ និងការតុបតែងលម្អផ្សេងៗទៀតដែលបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ធ្វើយ៉ាងណាមើលទៅស្រស់ស្អាត បង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ។
សំឡេង៖ ប្លែកខ្លាំងមានអ្វីគួរជាទីចាប់អារម្មណ៍ច្រើនណាស់ ហើយសប្បាយចិត្តដែលឃើញគាត់រៀបចំច្រើនបែបនេះ រៀបចំដើម្បីទាក់ទាញទេសចរ ជាពិសេសភ្ញៀវបរទេសបានកម្សាន្តនៅទីនេះ។ ផ្កាចំប៉ី សរសើរគាត់ពូកែច្នៃពូកែធ្វើមែនប្លែក។ សំណូមពរឱ្យបងប្អូនមកលេងឱ្យច្រើន ហើយជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ភ្ញៀវបរទេសឱ្យបានច្រើន និងជួយសាទរកម្មវិធីចូលឆ្នាំខ្មែរ។
ចំណែកអ៊ំស្រី យ៉ា មានអាយុជាង៥០ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបបានឱ្យដឹងថា នៅពេលមកដល់ប្រាសាទអង្គរវត្ត ឃើញការរៀបចំតុបតែងលម្អច្រើនសម្បូរបែបក្នុងរចនាបថខ្មែរ ហាក់នាំអារម្មណ៍មនុស្សម្នាវិលទៅកាន់សម័យអតីតកាលដ៏អស្ចារ្យ។ អ៊ំស្រីពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឱ្យពលរដ្ឋបានទស្សនា ចូលរួមលេងកម្សាន្ត ល្បែងរបាំប្រពៃណីយ៉ាងសប្បាយរីករាយ ជាមហាគ្រួសារខ្មែរលើទឹកដីអច្ឆរិយអង្គរ។
អូប្លែកភ្នែកសប្បាយ ហាក់ដូចសម័យពីបុរាណមកបែបខ្មែរយើង សំណូមពរឱ្យទេសចរមកលេងខេត្តសៀមរាបឱ្យបានច្រើន ទាំងអ្នកក្រុងនិងក្រៅប្រទេស។ ចង់ឱ្យស្លៀកពាក់ឱ្យបានស្អាតៗពីបុរាណ តែឥឡូវឃើញគេស្លៀកបុរាណៗច្រើន សប្បាយចិត្ត។ សូមអរគុណអាជ្ញាធរដែលបានបង្កើតឱ្យមានកម្មវិធីសប្បាយៗនៅអង្គរ។
ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ។ទិដ្ឋភាពនៃការរៀបចំ តុបតែងលម្អយ៉ាងប៉ិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មីៗ បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់សម្រាប់ទេសចរទាំងឡាយ។ ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពីទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។ ទាំងនេះនឹងមាននៅព្រឹត្តិការណ៍អង្គរសង្រា្កន្ត ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥៕