វិទ្យុជាតិកម្ពុជា ៖
ត្បូងឃ្មុំ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ៧១សេ នឹងជួយលើកកម្ពស់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគជូនពលរដ្ឋបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលថ្មីផ្លូវ៧១សេនេះ គឺជាចំណងដៃថ្មីមួយសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី រំពឹងថា ផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀត មកកាន់តំបន់នេះ និងជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការធ្វើដំណើរ និងទាក់ទាញវិស័យទេសចរណ៍ ដែលធ្វើឱ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិកអ៊ិស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនង ពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា ដោយមិត្តចិន ជាមិត្តមិនអាចខ្វះបានរបស់កម្ពុជា ដែលបានរួមចំណែកជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសប្រព័ន្ធគមនាគមន៍ផ្លូវ និងស្ពាន បន្ទាប់ពីចិន បានជួយសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
ខ្សែផ្លូវនេះ មានប្រវែងសរុប ១១៤គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេ មានប្រវែង ៩២គីឡូម៉ែត្រ ទទឹងផ្លូវនៅក្រៅទីប្រជុំជន ប្រវែង ១១ម៉ែត្រ និងនៅក្នុងទីប្រជុំជន ប្រវែង ៩ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង្ទីម៉ែត្រ, ផ្លូវតភ្ជាប់ មានប្រវែង ១៥គីឡូម៉ែត្រ ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង្ទីម៉ែត្រ, ផ្លូវខ្នែងមានចំនួន ៩ខ្សែ ប្រវែង ៦គីឡូម៉ែត្រ ទទឹងតួផ្លូវ ប្រវែង ៧ម៉ែត្រ ក្រាលកៅស៊ូពីរប្រទាប់ DBST, ស្ពានធំៗ មានចំនួន ៣កន្លែង ប្រវែងសរុប ៦៣៥ម៉ែត្រ, ស្ពានមធ្យម មានចំនួន ៨កន្លែង ប្រវែង សរុប ២៣៧ម៉ែត្រ ដាក់លូគ្រប់ប្រភេទ ចំនួន ១៩៩កន្លែង និងមានកន្លែងសម្រាប់រថយន្តបត់ត្រឡប់ (U-Turn) រួមជាមួយនឹងការងារគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ រនាំងសុវត្ថិភាព និងដាំបង្គោលគីឡូម៉ែត្រ ស្របតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕