វិទ្យុជាតិកម្ពុជា
ជិតដល់ថ្ងៃហើយ!
អាជ្ញាធរនិងប្រជាពលរដ្ឋស្រុកអូររាំងឪ ត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋកម្សាន្តសង្ក្រាន្តអូររាំងឆ្នាំ២០២៥ នៅតំបន់ឧទ្យានទន្លេស្ងួត ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ក្នុងឱកាសរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ ក្នុងឱកាសរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបង្កលក្ខណៈ សប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់មាតុភូមិកម្ពុជា។
សូមបញ្ជាក់ថា សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ព្រឹត្តិការណ៍នេះនឹងប្រារព្ធបើក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នាវេលាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ សង្រ្កាន្តអូររាំងឪនឹងបង្កឱ្យបរិយាកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើមកពីគ្រប់ទិសទី បានសប្បាយរីករាយ ជាងបណ្តាឆ្នាំមុនៗ ជាមួយកម្មវិធីសប្បាយៗ ជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បៈបុរាណ សម័យ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន ទស្សនាសួនផ្កាស្បៃរឿងចំនួន ១លានដើម ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ តំបន់វប្បធម៌សំខាន់ៗ មួកយក្ស អន្សមយក្ស ការប្រគំតន្រ្តីសម័យ និងការរាំលេងកម្សាន្ត៕
សូមជម្រាបជូនថា ឧទ្យានទន្លេស្ងួត បានបង្កើតជាសួនកម្សាន្ត ជាតំបន់ធម្មជាតិ និងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពិពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។ ស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រ ពីទីប្រជុំជននៃផ្សារអូររាំងឪ បន្ទាប់ពីមានព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំកន្លងមក។ តំបន់ប្រវត្តិសាស្រ្តនេះ បានប្រែខ្លួនស្រស់ស្អាត និងពណ៌បៃតងជាងមុន មានសួនឧទ្យានទន្លេស្ងួត សម្រាប់កុមារជិះ ទោងលេងកម្សាន្ត មានហេដ្ឋារចនាសម្ព័ន្ធ មានអំពូលសូឡាបំភ្លឺ មាទោងជិះកម្សាន្ត កន្លែងលេងកីឡា កន្លែងទស្សនាទេសភាព សួនផ្កាស្បៃរឿង និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែង នារដូវប្រាំងទៀតហើយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអភិវឌ្ឍឧទ្យានទន្លេស្ងួត ដើម្បីប្រយោជណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលអាចទាញយកចំណូលពីការអភិវឌ្ឍជាតំបន់លំហែបៃតងដ៏ទាក់ទាញ៕