វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥
MC. ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចាប់ផ្តើមដើរទស្សនាកម្សាន្ត តាមទីតាំងនានា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាខេត្តសៀមរាប ដែលរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត យ៉ាងស្រស់ស្អាត និងប្រកបភាពសប្បាយរីករាយ។
នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៥នេះ ពោលគឺនៅមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងសង្កេតឃើញមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅទីតាំងប្រារព្ធកម្មវិធីទាំង៦កន្លែងដែលលាតសន្ធឹងពីក្រុងសៀមរាប រហូតដល់មុខប្រាសាទ អង្គរវត្តវនោះ ទេសចរបានបង្ហាញអារម្មណ៍សប្បាយរីករាយនិង កោតសរសើរចំពោះភាពប៉ិនប្រសប់នៃការ តុបតែងលម្អយ៉ាងល្អឥតខ្ចោះ។
លោក ទេព ពន្លឺពេជ្រ អាយុ២៤ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តតាកែវ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្តបានឱ្យដឹងថា ការរៀបចំតុបតែលម្អនៅតាមទីតាំងសំខាន់ៗពិតមានស្រស់ស្អាត និងត្រូវ ចំណាយពេលច្រើន ដើម្បីអាចដើរទស្សនាឬស្វែងយល់ពីទីតាំងនីមួយៗ។ លោកថា ភ្ញៀវទេសចរជាតិ អន្តរជាតិច្រើនកុះករបានមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ធ្វើឱ្យលោកកាន់តែមានអារម្មណ៍រីករាយ យ៉ាងក្រៃលែង។
ខានមកយូរហើយបង ឥឡូវរីកចម្រើនទៅមុខច្រើនហើយបង ទី១បងខាងសម្រួល ចរាចរណ៍ គឺស្ទះដូចមុន មានអារម្មណ៍ថាមកលើកមុនៗអីគឺស្ទះ ឥឡូវសណ្តាប់ធ្នាប់អីគឺល្អជាមុនច្រើន។ គួរឱ្យចាប់អារម្មណ៍មែនទែន ស្រស់ស្អាត មានក្រមាខ្មែរតាំងលម្អ គួរឱ្យចាប់អារម្មណ៍។ ខ្ញុំសំណូមពរឱ្យភ្ញៀវទេសចរមកកម្សាន្តឱ្យបានច្រើន ព្រោះមានអ្វីដែលគួរឱ្យចាប់អារម្មណ៍ច្រើនមែនទែន។
ចំណែកលោកសុផាត មានទីលំនៅក្នុងក្រុងសៀមរាប បានលើកឡើងថា កម្មវិធីជាច្រើនត្រូវបានរៀប ចំឡើងនៅមុខប្រាសាទអង្គរ សុទ្ធតែបានតុបតែងលម្អក្នុងរចនាបថបែបខ្មែរ ធ្វើឱ្យអ្នកកម្សាន្តហាក់បានវិល ត្រឡប់ទៅកាន់អតីតកាលដ៏អស្ចារ្យនាសម័យមហានគរ។ មិនតែប៉ុណ្ណោះលោកថា ទេសចរអាចចូលរួម លេងល្បែងប្រជាប្រិយនៅខាងប្រាសាទបុរាណថែមទៀតផង ដូច្នេះលោកចង់ឲ្យទេសចរជាតិ និងអន្តរជាតិ ចូលកម្សាន្តឱកាសព្រឹត្តិការណ៍សង្រ្កាន្តឱ្យបានច្រើនកុះករ។
ការរៀបចំអីវាស្អាត មានលក្ខណៈបែបខ្មែរយើង ផ្ទះបុរាណផ្ទះអី ការរៀបចំតាំងបង្ហាញ។ សំណូមពរបងប្អូនយើងចូលមកលេងនៅខេត្តសៀមរាប ដើម្បីមកលេងសង្រ្កាន្តនៅសៀមរាបទាំងអស់គ្នា ឃើញការរៀបចំច្រើន មានអុកយក្ស ការលេងល្បែងប្រជាប្រិយខ្មែរក៏ដូចជាការបង្ហាញផ្សេងៗ។ ហើយ សំណូមពរបងប្អូនយើងទាំងអស់គ្នា ដែលធ្វើដំណើរមិនថាមកសៀមរាបឬកន្លែងផ្សេងៗ សូមជួបតែសេច ក្តីសុខ បើកបរដោយយកចិត្តទុកដាក់មានសុវត្ថិភាព។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រា្កន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្រៅពីកម្មវិធីបែបសាសនា ល្បែងរបាំប្រពៃណី រួមទាំងកម្មវិធីកម្សាន្ត សប្បាយហើយនោះ ទិដ្ឋភាពនៃការរៀបចំ តុបតែងលម្អយ៉ាងប៉ិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មីៗ បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់សម្រាប់ទេសចរទាំងឡាយ៕