យុវជននិងយុវតី រួមគ្នាស្លៀកសម្លៀកបំពាក់បុរាណ យ៉ាងច្រើននៅក្នុងបរិវេណអង្គរវត្ត ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Narith | ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា: ស៊ឹង សុផារី ១៥.០៤.២០២៥
MC: ក្រុមយុវជននិងយុវតីខ្មែរយ៉ាងច្រើនកុះករ បាននាំគ្នាតុបតែងខ្លួនដោប្រើស្លៀកសម្លៀកបំពាក់បុរាណ នៅក្នុងបរិវេណអង្គរវត្ត ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ និងចូលរួមថែរក្សាសម្លៀកបំពាក់ប្រពៃណីដែលជាវប្បធម៌របស់ខ្មែរ ឱ្យបានគង់វង្ស ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៃព្រឹត្តការណ៍អង្គរសង្ក្រានឆ្នាំ២០២៥ នៅខេត្តសៀបរាប  សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនកុះករ ជាពិសេសគឺយុវជននិងយុវតីបាននាំគ្នាតុបតែង ស្លៀកសម្លៀកបំពាក់បុរាណទៅតាមសម័យកាល មួយៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ។
កញ្ញា មុន្នី បានលើកឡើងថា នេះគឺជាលើកទី១ដែលកញ្ញាបានចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយឃើញថាការរៀបចំមានភាពទាក់ទាញនិងស្រស់ស្អាតខ្លាំង ។ កញ្ញា បានបន្តថា មិនត្រឹមតែតុបតែងលម្អមានភាពទាក់ទាញប៉ុណ្ណោះទេ ក៏មានកម្មវិធីជាច្រើន ដែលផ្តល់ភាពកម្សាន្តសប្បាយដែលផ្តោតសំខាន់លើបែបវប្បធម៌ ប្រពៃណីខ្មែរ ដែលដូនតាបានសល់ទុកតាំងពីសម័យបុរាណ ហើយក្នុងចំណោមទីតាំងកម្សាន្តទាំងអស់នៅមុខបរិវេណប្រាសាទអង្គរវត្ត គឺកញ្ញាពេញចិត្តជាងគេគឺនៅទីតាំងជុំវិញត្រពាំងសេស ដោយឃើញមានកម្មវិធីជាច្រើន ហើយប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តពោរពេញដោយស្នាមញញឹម ។
ក្នុងនោះផងដែរ កញ្ញាក៏បានស្លៀកពាក់បែបបុរាណខ្មែរ ដោយកញ្ញាបានលើកឡើងថា កញ្ញាពិតជាស្រឡាញ់លើភាពស្រស់ស្អាតនៃសំលៀកបំពាក់បុរាណខ្មែរ ហើយមួយវិញទៀតកញ្ញាក៏ចង់បង្ហាញទៅកាន់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពីភាពស្រស់ស្អាតនៃសំលៀកបំពាក់បុរាណខ្មែរ ទើបកញ្ញាសម្រេចចិត្តតុបតែងខ្លួនស្លៀកសំលៀកបំពាក់នេះ នៅក្នុងព្រឹត្តិការណ៍អង្ករសង្ក្រាន្ត ។
« សម្រាប់ពួកយើងផ្ទាល់ គឺយើងជ្រើសរើសស្លៀកពាក់បែបបុរាណខ្មែរ គឺយើងចង់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរបានស្គាល់រួមគ្នានិងលើកស្ទួយ ក៏ដូចជាបង្ហាញទៅដល់ភ្ញៀវបរទេសឱ្យបានស្គាល់ពីវប្បធម៌ដ៏ផូរផងរបស់ខ្មែរ ដោយយើងមកដើរលេងកម្សាន្តផង ហើយក៏អាចចូលរួមផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃសំលៀកបំពាក់ខ្មែរបុរាណនេះផងដែរ » ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើន ដែលទៅលេងកម្សាន្តនៅខេត្តសៀមរាប គឺតែងតែនិយមតុបតែង ស្លៀកសម្លៀកបំពាក់សម័យបុរាណខ្មែរ  ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌សម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ហើយក៏ជាការលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ ឱ្យមានជីវភាពធូរធារ ពីការជួលតុបតែងសម្លៀកបំពាក់បុរាណទាំងនេះ ៕

យុវជននិងយុវតី រួមគ្នាស្លៀកសម្លៀកបំពាក់បុរាណ យ៉ាងច្រើននៅក្នុងបរិវេណអង្គរវត្ត ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
យុវជននិងយុវតី រួមគ្នាស្លៀកសម្លៀកបំពាក់បុរាណ យ៉ាងច្រើននៅក្នុងបរិវេណអង្គរវត្ត ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
យុវជននិងយុវតី រួមគ្នាស្លៀកសម្លៀកបំពាក់បុរាណ យ៉ាងច្រើននៅក្នុងបរិវេណអង្គរវត្ត ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត