យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ

Narith | ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ១៥ ០៤ ២០២៥  

MC ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥នេះ ក្រុមយុវជនជាច្រើននាំគ្នា ទៅវត្តអារាមដើម្បីធ្វើបុណ្យទានផង និងលេងល្បែងប្រជាប្រិយខ្មែរផង ជាមួយនឹងសម្លៀក បំពាក់ប្រពៃណីយ៉ាងសមរម្យ ដោយបុរស ពាក់អាវស ខោជើងវែង ចំណែកនារីវិញមាន អាវប៉ាក់ សំពត់ហូលផាមួងជាដើម។ ក្នុងនោះ យុវវ័យ ខ្មែរបង្ហាញភាពសមសួនរបស់ខ្លួនក្នុងការចូលរួម ប្រារព្ធពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណីជាតិដ៏ល្អផូរផង់នេះ ដើម្បី បង្ហាញអំពីអត្តសញ្ញាណជាតិ ដែលជាសម្លៀកបំពាក់របស់ខ្មែរ ដែលមានភាពស្រស់ស្អាតផូរផង់ និងជាកេរតំណែលពីបុរាណកាលមក។ 
ព្រះគ្រូសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តពិភទ្ធរង្សី ហៅវត្តចិនដំដែក មានសង្ឃដីកាថា ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនកម្ពុជា មានការចាប់អារម្មណ៍ច្រើន លើពិធីបុណ្យបែបព្រះពុទ្ធសាសនា ដែលខុសកាលពីមុន ការមកចូលរួមពិធីបុណ្យនានានៅតាមវត្ត មានតែមនុស្សចាស់ប៉ុណ្ណោះ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យុវជន យុវតី បាននាំគ្នាមកធ្វើបុណ្យច្រើនគួរឱ្យកត់សម្គាល់ ដោយអ្នកខ្លះ រាប់បាត្រ ពូនភ្នំខ្សាច់ និងស្រង់ព្រះ ប្រកបដោយក្តីជ្រះថ្លាក្នុងប្រពៃណីព្រះពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីកា ទៀតថា បច្ចុប្បន្ននេះយុវជន យុវនារី ភាគច្រើនក៏បានយល់ដឹងច្បាស់  អំពីគុណតម្លៃនៃការធ្វើបុណ្យ នៅក្នុងទីវត្តអារាម ដោយគោរពប្រតិបត្តិព្រះរតនត្រ័យ ថ្វាយបង្គំ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ពិសេសគឺការ ស្លៀកពាក់ សមរម្យ ស័ក្ដិសមជាកុលបុត្រ កុលធីតា ដែលប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ។ 
«ពីមួយឆ្នាំទៅមួយឆ្នាំ យុវជន យុវនារីអញ្ជើញវត្តច្រើនជាងចាស់ទៀតនៅក្នុងសង្គមរាល់ថ្ងៃ ហើយក៏បានកែប្រែទាំងការស្លៀកសម្លៀកបំពាក់ ដោយកាលពីដើមឡើយការស្លៀកពាក់របស់យុវជន យុវនារីយើងគាត់អត់ទាន់យល់ច្បាស់អំពីការស្លៀកពាក់ប្រពៃណី ប៉ុន្តែសម័យកាលក្រោយមួយរយៈនេះ គឺមានការផុសផុលអំពីការស្លៀកពាក់សមរម្យល្អជាកូនខ្មែរ ហើយជាពុទ្ធសាសនិកដែលកាន់ព្រះពុទ្ធ សាសនា នឹងមានការរៀបចំលម្អផ្សេងៗ ដូចជាផ្កា មានចង្ហាន់ ទេយ្យទានជាដើម។  ក្នុងនោះពួកគាត់មុនទៅប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ គឺគាត់បានថ្វាយបង្គំ និងស្ដាប់ធម៌ដោយ យកចិត្តទុកដាក់។  ក្នុងនោះហើយអាត្មាភាពសប្បាយរីករាយ ដោយសារយុវជនយើងយល់ច្បាស់ច្រើន អំពីតម្លៃនៃការធ្វើបុណ្យនៅក្នុងទីវត្តអារាម គោរពប្រតិបត្តិព្រះរតនត្រ័យ ថ្វាយបង្គំព្រះពុទ្ធ ព្រះធម៌ ព្រះសង្ស មុននឹងពួកគេគាត់ប្រគេនទេយ្យទាន ដែលចំណុចនេះគឺ គួរឱ្យកត់សម្គាល់ដែលជាចំណុច វិជ្ជមាន។»
     ចំណែក លោក វង្ស កក្កដា  អាយុ២៩ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងដែរថា ការការធ្វើបុណ្យនៅទីវត្តអារាមមិនចាំទាល់តែយើងចាស់នោះទេ ដូច្នេះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ លោកនិង មិត្តភក្តិ បានណាត់គ្នាទៅធ្វើបុណ្យនៅវត្តអារាម ពិសេសនៅក្នុងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក ដើម្បីឧទ្ទិស កុសល ទៅដល់ញាតិកាដែលបានចែកឋានទៅ និងសូមឱ្យខ្លួនឯងជួបតែសេចក្ដីសុខ រីកចម្រើនទៅថ្ងៃ ខាងមុខទៀត។ ក្នុងនោះលោក សង្កេតឃើញថា យុវនារី មួយចំនួនធំ ចូលចិត្តស្លៀកសម្លៀកបំពាក់  ប្រពៃណី មានអាវប៉ាក់ ជាមួយសំពត់ហូលផាមួង ឬ សំពត់ក្បាច់ធម្មតា ស័ក្ដិសមបំផុតជាមួយនឹងនារីខ្មែរ និងមានភាពសមរម្យ ថ្លៃថ្នូរជានារី ។ ទន្ទឹមនឹងនេះ លោកស្នើយុវជននិងយុវនារី ត្រូវប្រកាន់ខ្ជាប់នូវ  សីលធម៌ សុជីវធម៌ក្នុងនាមជាខ្មែរ ទាំងការស្លៀកពាក់ និងកាយវិការនិងកុំប្រព្រឹត្តិលើស ចាកពីទំនៀម ទម្លាប់ជាតិ។
រីឯ យុវតី ហ៊ឹម ស្រីនាង  វ័យ២៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា កញ្ញាចូលចិត្តស្លៀកសម្លៀក បំពាក់បែបប្រពៃណីទៅវត្ត មិនថាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ឬបុណ្យទានផ្សេងៗនោះទេ  ព្រោះ ការស្លៀកបែបប្រពៃណីទៅវត្ត គឺជារឿងមួយដែលសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាត ។
«ប្រសិនបើចង់ឱ្យវប្បធម៌ខ្មែរគង់វង្ស មានតែកូនខ្មែរនេះហើយ ដែលជាអ្នកថែរក្សា និងអភិរក្ស។ បើសិនជារដូវបុណ្យទានហើយ យើងនៅតែមិនពាក់ឈុតប្រពៃណីខ្មែរ បែរជាស្លៀកពាក់មិនសមរម្យវិញ វានាំឱ្យជះ ឥទ្ធិពលមិនល្អដល់វប្បធម៌ខ្មែរ។ តែឥឡូវនេះល្អប្រសើរជាងមុនឆ្ងាយណាស់ ភាគច្រើនឃើញ នារីៗ គាត់បានពាក់ឈុត ប្រពៃណីខ្មែរច្រើន មើលទៅសមសួនល្អណាស់ ថ្លៃថ្នូរទៀត»។ 
យុវតីរូបនេះបន្ថែមទៀតថា ក្នុងប្រទេសយើង ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធ សាសនា គឺផ្ដោតលើកការធ្វើបុណ្យ ដែលចំណុចនេះបានផ្សារភ្ជាប់ទៅនឹងការបង្ហាញភាពជាគំរូល្អ ដើម្បី រស់នៅក្នុងសង្គម។ លើសពីនេះ ពិធីបុណ្យនេះ ក៏បានផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរ  យើងផងដែរ។ ដូច្នេះក្នុងនាមជាយុវជនសម័យថ្មី គួរបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីនេះ ដោយជំហរ សុទិដ្ឋិនិយមក្នុងការសិក្សាឈ្វេងយល់ និងប្រតិបត្តិដោយការយល់ដឹងពិតប្រាកដ ហើយថែរក្សានូវ អត្តសញ្ញាណជាតិ តាមរយៈការស្លៀកពាក់ប្រពៃណីឱ្យមានភាពថ្កុំថ្កើង៕

យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ
យុវជនកាន់តែច្រើននាំគ្នាទៅវត្តអារាមធ្វើបុណ្យនាឱកាសបុណ្យប្រពៃណីខ្មែរ