ល្បែងលាក់កន្សែងបង្រៀនមនុស្សឱ្យ រហ័សរហួន និងចេះប្រយ័ត្ន ជាប់ជានិច្ច

Narith | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

 MC:  ល្បែងលាក់កន្សែង ជាល្បែងម្យ៉ាងរបស់ប្រជាពលរដ្ឋខ្មែរក្នុងបុរាណកាល និយមលេងកម្សាន្តសប្បាយនៅពេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលចន្លោះការហត់នឿយម្ដងៗ។ 
  អ្នកជំនាញផ្នែកប្រពៃណីវប្បធម៌ខ្មែរបានឱ្យដឹងថា  ដើម្បីលេងល្បែងលាក់កន្សែងនេះ
មុនដំបូង គេបបួលគ្នាបានចំនួនពី ៦ទៅ៧ នាក់ឡើងទៅ ឱ្យអង្គុយច្រហោង ដំកង់ជារង្វង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជាទីស្រឡះរាបស្មើល្អ។ 
របៀបលេងល្បែងលាក់កន្សែងនេះគេយកកន្សែងឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» ។មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិន ឱ្យដឹងខ្លួនថាគេលាក់កន្សែងក្រោយខ្នងអ្នកណា។
ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនឱ្យអ្នកលេងងាកក្រោយឬលូកដៃទៅក្រោយ បើអ្នកណាហ៊ានងាកឬលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំណាច ដាក់ទណ្ឌកម្មអ្នកនោះ មិនឱ្យឡើងលាក់កន្សែងឬគេឱ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្ដគេស្ម័គ្រ។ 
បន្ទាប់មកអ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ២-៣ជុំហើយ មើលអ្នកណាអង្គុយបែបភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឱ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់រត់ក្រឡឹងមកម្ដងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ 
ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបានរាល់ពេល។ 
អ្នកជំនាញផ្នែកវប្បធម៌បានឱ្យដឹងថា ល្បែងលាក់កន្សែងជាល្បែងប្រពៃណីជាតិ ជាទីពេញនិយមរបស់ក្មេងៗនិងមនុស្សជំទង់ៗ ហើយបានបង្កភាពសប្បាយរីករាយយ៉ាងខ្លំាង  ហើយក៏បានហាត់ខ្លួនឱ្យមានស្មារតីរឹងប៉ឹងរហ័សរហួន ឱ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឱ្យចេះប្រុងស្មារតីជានិច្ច។បន្ថែមពីនេះទៀតការលេងល្បែងលាក់កន្សែងគឺដើម្បីបណ្ដុះស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់ និងថែរក្សានូវល្បែងប្រពៃណីជាតិខ្មែរ ៕

ល្បែងលាក់កន្សែងបង្រៀនមនុស្សឱ្យ រហ័សរហួន និងចេះប្រយ័ត្ន ជាប់ជានិច្ច
ល្បែងលាក់កន្សែងបង្រៀនមនុស្សឱ្យ រហ័សរហួន និងចេះប្រយ័ត្ន ជាប់ជានិច្ច
ល្បែងលាក់កន្សែងបង្រៀនមនុស្សឱ្យ រហ័សរហួន និងចេះប្រយ័ត្ន ជាប់ជានិច្ច
ល្បែងលាក់កន្សែងបង្រៀនមនុស្សឱ្យ រហ័សរហួន និងចេះប្រយ័ត្ន ជាប់ជានិច្ច